អតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់គុក ជុំវិញការចេញលិខិតឆ្លងដែនឲ្យលោកថាក់ស៊ីន
ថៃ៖ អតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃលោក Surapong Tovichakchaikul ត្រូវបានតុលាការថៃផ្ដន្ទាទោសឲ្យជាប់គុករយៈពេល២ឆ្នាំ បន្ទាប់ពីគេរកឃើញថា គាត់បានចេញខិលិតឆ្លងដែនឲ្យលោក Thaksin Shinawatra មិនស្របតាមច្បាប់ដែលគេបានកំណត់។ តុលាការថៃបានចោទលោក Surapong Tovichakchaikul ថាបានប្រព្រឹត្តផ្ទុយនឹងក្រមព្រហ្មទណ្ឌលេខ ១៥៧ និងផ្ទុយពីច្បាប់ប្រឆាំងអំពើពុករលួយផងដែរ។
លោក Surapong Tovichakchaikul ដែលមានអាយុ៦៥ឆ្នាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនឹងប្តឹងទៅកាន់តុលាការឧទ្ធរណ៍បន្តទៀត ជុំវិញការចោទប្រកាន់មួយនេះ ហើយអំឡុងពេលនេះដែរគាត់បានតម្កល់ប្រាក់ចំនួន ៥ លានបាត (ជាង ១៥ ម៉ឺនដុល្លារ) នៅក្នុងតុលាការជាថ្នូរនឹងការសុំនៅក្រៅឃុំជាបណ្ដោះអាសន្នសិន ទម្រាំតែតុលាការឧទ្ធរណ៍ដោះស្រាយករណីមួយនេះ។ សូមបញ្ជាក់ថា សកម្មភាពរបស់ Surapong Tovichakchaikul ដែលតុលាការថៃចោទថា ជាអំពើផ្ទុយពីច្បាប់នោះ បានកើតឡើងកាលពីជំនាន់លោកស្រី Yingluck Shinawatra នៅកាន់ដំណែងជានាយរដ្ឋមន្ត្រីម្លះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost