ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានហៅការបដិសេធមិនព្រមចាញ់របស់លោក ដូណាល់ ត្រាំ ថាជាភាពអាម៉ាស់មួយ

    BY autoadmin November 11, 2020
    ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានហៅការបដិសេធមិនព្រមចាញ់របស់លោក ដូណាល់ ត្រាំ ថាជាភាពអាម៉ាស់មួយ

    ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានហៅការបដិសេធមិនព្រមចុះចាញ់នឹងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ថាជាក្ដីអាម៉ាស់មួយ។ លោក ចូ បៃដិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ទង្វើរបស់លោក ដូណាល់ ត្រាំ នឹងមិនជួយដល់កេរ្តិ៍តំណែលរបស់លោកប្រធានាធិបតីឡើយ។ ការកត់សម្គាល់នេះបានកើតឡើងនៅពេលដែលលោក ចូ បៃដិន បានឆ្លើយសំណួរពីអ្នកយកព័ត៌មានជាលើកដំបូង ចាប់តាំងពីការប្រកាសអំពីជ័យជម្នះរបស់គាត់។

    គួរជម្រាបដែរថាលោក ដូណាល់ ត្រាំ បានចោទប្រកាន់ការរាប់សន្លឹកឆ្នោតថា ជាការរំលោភបំពាន និងកំពុងព្យាយាមជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតនៅក្នុងតុលាការ។ ចំណែកលោក ចូ បៃដិន បាននិយាយថា គ្មានអ្វីនឹងបញ្ឈប់ការផ្ទេរអំណាចនៅក្នុងរដ្ឋាភិបាលអាមេរិកទេ។ លោក បៃដិន ក៏បានចាប់ផ្តើមសកម្មភាពការទូតរបស់គាត់រួចហើយ។ លោកបាននិយាយជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson និងប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអង្គារ។

    ចំណែកលោក ត្រាំ បានបន្តជៀសពីភ្នែកសាធារណៈកាលពីថ្ងៃអង្គារ ហើយលោកបានបន្ដបង្ហោះនៅលើ Twitter អំពីការចោទប្រកាន់ការរាប់សន្លឹកឆ្នោតថាជាការរំលោភបំពាន និងបានអះអាងថាលោកបានឈ្នះ។ ទោះបីជាលោក ត្រាំ និងសម្ព័ន្ធមិត្តរបស់គាត់ ចោទប្រកាន់ភាពមិនប្រក្រតីនៃការបោះឆ្នោតក៏ដោយ ក៏ពួកគេមិនបានបង្ហាញភស្តុតាងអ្វីដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: