អន្តរជាតិ

អាជ្ញាធរម៉ាឡេស៊ីចុះទៅបិទថ្នាក់បង្ហាត់យូហ្គាមួយកន្លែង ហើយពិន័យទាំងសិស្សនិងគ្រូក្នុងម្នាក់ជាង ២០០ដុល្លារ ដោយសារបំពានវិធានការទប់ស្កាត់ជំងឺកូវីដ១៩

BY
autoadmin
November 14, 2020

ម៉ាឡេស៊ី៖ ថ្នាក់បង្ហាត់យូហ្គា (Yoga) មួយកន្លែងត្រូវបានអាជ្ញាធរម៉ាឡេស៊ីចុះទៅបិទជាបន្ទាន់ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ហើយការបិទនេះត្រូវបានធ្វើឡើងដោយផ្អែកទៅតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដែលហាមមិនឲ្យមានការជួបជុំគ្នាក្នុងចំណោមមនុស្សដ៏ច្រើននៅក្នុងសម័យកាលជំងឺ COVID-19 ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន World of Buzz បានឲ្យដឹងថា ថ្នាក់បង្ហាត់យូហ្គានេះគឺជាថ្នាក់បង្ហាត់ឯកជនមួយ ដែលបានរៀបចំឡើងនៅក្នុងផ្ទះរបស់គ្រូបង្ហាត់ផ្ទាល់តែម្តង ដែលមានទីតាំងនៅក្នុងតំបន់ Desa Sri Hartama ក្នុងទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។


រូបតំណាង

បើតាមប្រជាពលរដ្ឋនៅក្បែរកន្លែងបង្រៀនយូហ្គានោះបានឲ្យដឹងថា ថ្នាក់បង្រៀនមួយនេះបានលួចបើកស្ងាត់ៗយូរមកហើយ ពោលគឺចាប់តាំងពីអាជ្ញាធរម៉ាឡេស៊ីបានចេញសេចក្តីហាមឃាត់មិនឲ្យមានមានការជួបជុំគ្នា និងបិទក្លឹបហាត់ប្រាណមកម្លេះ។ ក្នុងពេលចុះទៅបិទបង្ហាត់យូហ្គានោះ អាជ្ញាធរបានធ្វើការព្រមានគ្រូបង្ហាត់ម្នាក់ដែលមានអាយុ ៣៧ឆ្នាំ និងសិស្សស្រីចំនួន ៩នាក់ ផ្សេងទៀតដែលមានអាយុចន្លោះពី ៤០-៦០ ឆ្នាំ ឲ្យឈប់ធ្វើការជួបជុំគ្នាដូចនេះទៀត ហើយពួកគាត់ក៏ត្រូវពិន័យជាប្រាក់ម្នាក់ ១ ០០០ រីងហ្គីត (២៤៣ ដុល្លារអាមេរិក) ផងដែរ ពីបទបំពាននឹងវិធានការអនាម័យរបស់ក្រសួងសុខាភិបាល៕

អត្ថបទ៖ ភក្តី

ប្រភព៖  World of Buzz

Share This Post: