អភិបាលរងរដ្ឋតិចសាស់ ប្រកាសផ្តល់រង្វាន់រហូតដល់ ១លានដុល្លារអាមេរិក សម្រាប់អ្នកបង្ហាញភស្តុតាងការក្លែងបន្លំសន្លឹកឆ្នោត
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានកោតសរសើរដល់អភិបាលរងរដ្ឋតិចសាស់ គឺលោក Dan Patrick បន្ទាប់ពីលោកអភិបាលរងបានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ១លានដុល្លារ សម្រាប់អ្នកបង្ហាញភស្តុតាងទាក់ទងការក្លែងបន្លំសន្លឹកឆ្នោត។ លោក Dan Patrick បាននិយាយថា លោកនឹងចំណាយរង្វាន់ពីមូលនិធិយុទ្ធនាការផ្ទាល់ខ្លួនសម្រាប់ព័ត៌មាន ដែលនាំឱ្យមានការចាប់ខ្លួនពីការលួចបន្លំសន្លឹកឆ្នោត និងការកាត់ទោសលើជនល្មើស ដូចអ្វីដែលលោក ដូណាល់ ត្រាំ បដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត។

លោក Dan Patrick បាននិយាយថា៖«អ្នកដែលផ្តល់ព័ត៌មានដែលនាំឱ្យមានការចាប់ខ្លួន និងផ្តន្ទាទោសចំពោះការលួចបន្លំសន្លឹកឆ្នោត នឹងត្រូវទទួលបានប្រាក់រង្វាន់អប្បបរមា ២៥,០០០ ដុល្លារ»។ លោកបានបន្តទៀតថា៖«ខ្ញុំគាំទ្រការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការកំណត់សញ្ញានៃការបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតី និងការប្តេជ្ញាចិត្តរបស់គាត់ដើម្បីធ្វើឱ្យប្រាកដថា រាល់សន្លឹកឆ្នោតស្របច្បាប់ត្រូវបានរាប់ ហើយរាល់ការបោះឆ្នោតខុសច្បាប់ត្រូវបានដកហូតសិទ្ធិ»។

លោក Patrick បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការស្វែងរកសន្លឹកឆ្នោតរបស់ប្រធានាធិបតី ត្រាំ មិនត្រឹមតែជាកត្តាចាំបាច់ដើម្បីកំណត់លទ្ធផលនៃការបោះឆ្នោតនេះប៉ុណ្ណោះទេ វាចាំបាច់ណាស់ក្នុងការថែរក្សាលទ្ធិប្រជាធិបតេយ្យរបស់យើង និងស្តារជំនឿឡើងវិញនៅក្នុងការបោះឆ្នោតនាពេលអនាគត» ប៉ុន្តែគាត់មិនបានផ្តល់ភស្តុតាងគ្រប់គ្រាន់ថា មានការលួចបន្លំបានកើតឡើងនោះទេ។ ចំណែកលោក ដូណាល់ ត្រាំ បានសរសើរដល់លោក Patrick ភ្លាមៗបន្ទាប់ពីឃើញការប្រកាសនោះ ហើយលោកក៏បាននិយាយពាក្យអរគុណនៅក្នុងបណ្ដាញសង្គម Twitter របស់គាត់ផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ Daily Mail