ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅម៉ាឡេស៊ីគ្រាន់តែទាញម៉ាស់ទំលាក់មកត្រឹមចង្កា ដើម្បីញ៉ាំទឹកនៅទីសាធារណៈក៏ត្រូវពិន័យជាង ២០០ ដុល្លារដែរ

    BY autoadmin November 12, 2020
    នៅម៉ាឡេស៊ីគ្រាន់តែទាញម៉ាស់ទំលាក់មកត្រឹមចង្កា ដើម្បីញ៉ាំទឹកនៅទីសាធារណៈក៏ត្រូវពិន័យជាង ២០០ ដុល្លារដែរ

    ម៉ាឡេស៊ី៖ នៅក្នុងអំឡុងពេលនៃការរាតត្បាតដោយជំងឺកូវីដ ១៩ នេះ ម៉ាឡេស៊ីជាប្រទេសមួយដែលត្រូវបានគេមើលឃើញថា បានអនុវត្តច្បាប់យ៉ាងតឹងរឹងបំផុតចំពោះពលរដ្ឋណាដែលបានបំពាននឹងវិធានការរបស់ក្រសួងសុខាភិបាល។ ជាក់ស្តែងអាជ្ញាធរម៉ាឡេស៊ីចេញបទបញ្ជាហាមឃាត់មិនឲ្យពលរដ្ឋមានការជួបជុំគ្នានៅទីសាធារណៈជាដាច់ខាត និងបើក្នុងករណីចាំបាច់ត្រូវចេញក្រៅពលរដ្ឋទាំងអស់ត្រូវតែពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ហើយពលរដ្ឋណាដែលបានធ្វើខុសពីបទបញ្ជានេះនឹងត្រូវពិន័យជាប្រាក់ចំនួន ១ ០០០ រីងហ្គីត (២៤២ ដុល្លារអាមេរិក) ផងដែរ។

    អ្វីដែលជារឿងគួរឲ្យកត់សម្គាល់នោះគឺសូម្បីតែពលរដ្ឋណាដែលពាក់ម៉ាស់មិនបានត្រឹមត្រូវក៏ត្រូវរងនូវការពិន័យដូចជាអ្នកមិនបានពាក់ម៉ាស់ដែរ តួយ៉ាងបើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបុរសម៉ាឡេស៊ី ២ នាក់ត្រូវអាជ្ញាធរពិន័យជាប្រាក់ក្នុងម្នាក់ ១ ០០០ រីងហ្គីត (២៤២ ដុល្លារអាមេរិក) ដោយគ្រាន់តែពួកគាត់ទាញម៉ាស់មកដាក់ត្រឹមចង្កាដើម្បីញ៉ាំទឹក។ ប្រភពខាងលើបានបញ្ជាក់ថា  ការផាកពិន័យបុរសទាំង ២ នាក់នេះបានកើតឡើងនៅពេលដែលពួកគាត់ជិះម៉ូតូជូនមិត្តភក្តិទៅទិញអីវ៉ាន់នៅក្នុងហាងមួយកន្លែង ហើយក្នុងអំឡុងពេលពួកគាត់រង់ចាំមិត្តភក្តិនៅខាងមុខហាងលក់ទំនិញនោះ ពួកគាត់បានទាញម៉ាស់មកទុកត្រឹមចង្កាដើម្បីញ៉ាំទឹក ហើយក៏ត្រូវអាជ្ញាធរមើលឃើញនិងធ្វើការផាកពិន័យតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: