ប្រទេសថៃហាមឃាត់មិនឱ្យមានព្រះសង្ឃ និងលោកនេន ចូលរួមនៅក្នុងការតវ៉ាណាមួយនោះឡើយ
តាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានរាយការណ៍ថា ការិយាល័យពុទ្ធសាសនា (NOB) បានចេញសេចក្តីបញ្ជាមួយ ហាមឃាត់ព្រះសង្ឃ និងលោកនេន មិនឱ្យចូលរួមក្នុងមហាបាតុកម្មនោះឡើយ។ លោក Narong Songarom ប្រធានការិយាល័យពុទ្ធសាសនាបាននិយាយថា ការិយាល័យ និងក្រុមប្រឹក្សាជាន់ខ្ពស់នៃប្រទេសថៃ បានជូនដំណឹងដល់ប្រធានសាខាគ្រប់គ្រងព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីធ្វើឱ្យប្រាកដថា ព្រះសង្ឃ និងលោកនេន មិនចូលរួមក្នុងនយោបាយ ឬសកម្មភាពនយោបាយនោះទេ ហើយអ្នកដែលល្មើសនឹងត្រូវចាប់ផ្សឹក។

ការអត្ថាធិប្បាយរបស់លោកគឺជាការឆ្លើយតបនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងរូបថតមួយចំនួន ដែលបានបង្ហាញពីវត្តមានរបស់ព្រះសង្ឃ និងលោកនេន បានចូលរួមក្នុងការប្រឆាំងរដ្ឋាភិបាល។ ពួកគេបានចូលរួមក្នុងការតវ៉ា បើទោះបីជាមានការព្រមានម្តងហើយម្តងទៀតពី NOB ក៏ដោយ។ ពួកគេមួយក្រុមបានលើកបដាដែលទាមទារសិទ្ធិបោះឆ្នោត ខណៈដែលព្រះសង្ឃត្រូវបានហាមឃាត់មិនឱ្យបោះឆ្នោតនោះទេ។ ខ្លះទៀតក៏បានចោទសួរថា ហេតុអ្វីពួកគេត្រូវកោររោមចិញ្ចើមរបស់ពួកគេ? -ល- ។ ជម្រាបដែរថា ពួកគាត់ក៏ជាផ្នែកមួយនៃការតវ៉ានៅថ្ងៃទី០៨ ខែវិច្ឆិកា នៅទីក្រុងបាងកក ផងដែរ។
យោងទៅតាមសេចក្តីសម្រេចចុងក្រោយរបស់ NOB បានឱ្យដឹងថា ព្រះសង្ឃ និងលោកនេន អាចប្រឈមនឹងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ដែលអាចឈានដល់ការបណ្តេញចេញ។ វាបានបន្ថែមថា ទីភ្នាក់ងាររដ្ឋាភិបាលត្រូវបានគេស្នើសុំឱ្យពិនិត្យលើក្រុមបាតុករដែលពាក់ស្បង់ចីវរ ដើម្បីដឹងថាតើពួកគេជាព្រះសង្ឃពិត ឬក្លែងក្លាយ។ គួរឱ្យដឹងដែរថារហូតមកដល់ពេលនេះ មានព្រះសង្ឃមួយអង្គត្រូវបានបញ្ជាក់ថាបានចូលរួមមហាបាតុកម្មអហិង្សា ដែលប្រឆាំងរដ្ឋាភិបាលនៃប្រទេសថៃ៕



អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍