ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ងាយៗ! រក្សាបាននូវភាពក្មេងជាងវ័យ រួមជាមួយនឹងស្បែកភ្លឺរលោងស្រស់ស្អាត ដោយគ្រាន់តែព្យាយាមទទួលទាននូវអាហារប្រភេទទាំងនេះ  

    BY Khmernote Media June 20, 2018
    ងាយៗ! រក្សាបាននូវភាពក្មេងជាងវ័យ រួមជាមួយនឹងស្បែកភ្លឺរលោងស្រស់ស្អាត ដោយគ្រាន់តែព្យាយាមទទួលទាននូវអាហារប្រភេទទាំងនេះ  

    ទទួលបានស្បែកស្រស់ស្អាតក្មេងជាងវ័យ ដោយចាប់ផ្ដើមធ្វើការថែរក្សាស្បែករបស់អ្នកពីខាងក្នុងតាមរយៈការទទួលទានអាហារបានត្រឹមត្រូវ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីប្រភេទនៃអាហារ និងផ្លែឈើមួយចំនួនដែលអ្នកគួរព្យាយាមទទួលទាន ក៏ព្រោះពួកវាអាចផ្ដល់អត្ថប្រយោន៍ល្អៗជាច្រើនសម្រាប់ស្បែក ៖ 

    ១. ត្រីមានខ្លាញ់ ៖ ត្រីមួយចំនួនដូចជា ត្រីសាលម៉ុន ត្រី mackerel ត្រី herring ត្រីសាឌីន និងត្រីធូណា ជាដើម គឺសុទ្ធតែជាប្រភេទត្រីដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់ល្អ អូមេហ្កា ៣ (omega-3) ចាំបាច់សម្រាប់ស្បែកភ្លឺរលោង និងមានសុខភាពល្អ។ អាស៊ីតខ្លាញ់អូមេហ្គា ៣ ជួយរក្សាសំណើម និងភាពទន់នៃស្បែក ហើយកាត់បន្ថយការរលាក។ ត្រីទាំងនេះក៏ជាប្រភពដ៏ល្អនៃសារជាតិប្រឆាំងអុកស៊ីតកម្មវីតាមីន E ក៏ដូចជាសារជាតិស័ង្កសីដែលជាជាតិគីមីព្យាបាលរបួសដែលអាចជួយកម្ចាត់មុន និងការរលាក។

    ២. គ្រាប់ធញ្ញជាតិ ៖ ក៏ដូចជាត្រីដែរ គ្រាប់ធញ្ញជាតិ គឺមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ស័ង្កសី និងវីតាមីន E។ លើសពីនេះទៅទៀត វាក៏មានផ្ទុកនូវជាតិរ៉ែ និងវីតាមីនផ្សេងៗទៀតដែលជួយរក្សាស្បែករបស់អ្នកឲ្យមានសភាពក្មេងជាងវ័យ និងភ្លឺរលោងស្រស់ស្អាត។

    ៣. ផ្លែបឺរ ឬអាវូកាដូ ៖ ផ្លែបឺរ គឺជាអាហារមួយប្រភេទផ្សេងទៀតដែលមានផ្ទុកពោរពេញទៅដោយអាស៊ីតខ្លាញ់ល្អៗដែលជួយបង្កើនភាពរឹងមាំនៃស្បែក និងរក្សាសំណើមនៃស្បែកផងដែរ។ វាក៏សម្បូរទៅដោយជាតិ carotenoids ដែលការពារស្បែកមិនឲ្យទទួលរងការខូចខាតខ្លាំងក្លាពីពន្លឺព្រះអាទិត្យ។ អ្វីដែលធ្វើឲ្យផ្លែបឺរកាន់តែមានប្រយោជន៍សម្រាប់ស្បែកថែមទៀតនោះ គឺវាមានផ្ទុកនូវ D-mannoheptulos ដែលជម្រុញការផលិតកូឡាជែន។

    ៤. តែបៃតង ៖ មិនត្រឹមតែមានរសជាតិឆ្ញាញ់ប៉ុណ្ណោះទេ តែបៃតងក៏ផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ស្បែកផងដែរ ដោយវាមានផ្ទុកពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenols  និង catechins ដែលការពារស្បែកមិនឲ្យទទួលរងផលប៉ះពាល់ពីពន្លឺព្រះអាទិត្យ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងការរលាក។

    ៥. ទឹកដោះគោជូរ ឬយ៉ាអ៊ួរ ៖ មានផ្ទុកសម្បូរទៅដោយជីវជាតិ probiotics ដែលជួយធ្វើឲ្យស្បែកមើលទៅភ្លឺរលោងក្មេងជាងវ័យ ដោយកាត់បន្ថយការឡើងរោលក្រហម ការរលាក រោគមុន ហើយជាតិអាស៊ីតឡាក់ទិកក្នុងទឹកដោះគោយ៉ាអួរមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងនឹងភាពចាស់។ 

    ៦. ផ្លែក្រូច ៖ ក្រូច គឺផ្ដល់អត្ថប្រយោជន៍ល្អមែនទែនសម្រាប់ស្បែក ដោយសារវាមានផ្ទុកនូវវីតាមីន C និងជាតិទឹក។ ជាតិទឹកធ្វើឲ្យស្បែកមានសំណើមពីខាងក្នុង និងទប់ស្កាត់ការស្ងួតប្រេះ ហើយវីតាមីន C វិញក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ គឺវាដើរតួយ៉ាងសំខាន់ក្នុងការផលិតកូឡាជែន។ កូឡាជែន (Collagen) ជួយឲ្យស្បែកមានសភាពទន់រលោង ប៉ុន្តែមានសុខភាពរឹងមាំ មិនស្ងួតប្រេះ ឬជ្រីវជ្រួញ។

    ៧. ផ្លែទទឹម ៖ ក៏ដូចជាផ្លែក្រូចដែរ ផ្លែឈើនេះ គឺមានផ្ទុកសម្បូរទៅដោយវីតាមីនល្អៗសម្រាប់ស្បែកដូចជា វីតាមីន C ជាដើម។ លើសពីនេះទៅទៀត ផ្លែទទឹមមានផ្ទុកអាស៊ីត ellagic និង punicalagin ដែលជួយរក្សាកូឡាជែន ដោយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីនិងបន្ថយល្បឿននៃការបំបែកកូឡាជែន ។

    ៨. ប៉េងបោះ ៖ ក៏ជាប្រភពដ៏ល្អមួយនៃវីតាមីន C ដែរ។ អ្វីដែលពិសេសនោះ គឺប៉េងបោះមានផ្ទុកនូវសារធាតុល្អសម្រាប់ស្បែកផ្សេងៗទៀតដូចជា lycopene, lutein, alpha-carotene, និង beta-carotene ដែលការពារស្បែកមិនឲ្យទទួលរងការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យ ទប់ស្កាត់ភាពជ្រីវជ្រួញ ហើយប្រយុទ្ធប្រឆាំងនឹងការរលាកផងដែរ។ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញនៃប៉េងប៉ោះ អ្នកគួរធ្វើការចំអិនវាជាមួយនឹងខ្លាញ់ល្អដូចជាប្រេងអូលីវជាជាងបរិភោគឆៅ។ ការទទួលទានប៉េងបោះឆ្អិនជួយរាងកាយងាយក្នុងស្រូបយកសារធាតុ lycopene។

    ៩. ម្ទេសផ្លោក ៖ មិនថាម្ទេសប្លោកមានពណ៌ក្រហម ឬលឿងទេ គឺសុទ្ធតែមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលល្អសម្រាប់សុខភាពស្បែក។ ទោះជាយ៉ាងណា វាក៏មានផ្ទុកនូវវីតាមីន B6 និង B9 ដែលជួយឲ្យស្បែកមានសភាពតឹងណែនស្រស់ស្អាត ទប់ស្កាត់ ឬប្រយុទ្ធប្រឆាំងនឹងបញ្ហាស្បែកមួយចំនួនដូចជា ជំងឺរលាកស្បែក dermatitis ជំងឺសើស្បែកត្រអក (eczema) និងរោគមុន។

    ១០. អាហារដែលមានជាតិ Fermented ឬអាហារផ្អាប់ ៖ អាហារប្រភេទទាំងនេះមិនត្រឹមតែល្អសម្រាប់ស្បែកប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាពផងដែរ។ អាហារដែលត្រូវបានផ្អាប់ទុកឲ្យឡើងជូរ គឺមិនត្រឹមតែធ្វើឱ្យមានតុល្យភាពបាក់តេរីអាក្រក់នៅក្នុងពោះវៀនប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្ទុកនូវពពួកបាក់តេរ៊ីល្អៗដែលជួយកាត់បន្ថយការរលាកផ្សេងៗលើស្បែក និងទប់ស្កាត់ភាពចាស់ជ្រីវជ្រួញ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងភាពចាស់តាមវ័យផងដែរ៕

    អត្ថបទ ៖ ប៊ី

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay