មិនទាន់ចប់ទេ! រដ្ឋ Georgia នឹងធ្វើការរាប់សន្លឹកឆ្នោតឡើងវិញទាំងអស់ដោយដៃ បន្ទាប់ពីលទ្ធផលឆ្នោតមានភាពប្រកៀកគ្នា
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីបោះឆ្នោតកំពូលរបស់រដ្ឋ Georgia បាននិយាយថា រដ្ឋរបស់ខ្លួននឹងរាប់សន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឡើងវិញទាំងអស់ដោយដៃ។ ជម្រាបដែរថា បេក្ខភាពបក្សប្រជាធិបតេយ្យ គឺលោក Joe Biden បានទទួលបានសំឡេងគាំទ្រច្រើនជាង ២៧០ ដែលវាលើសពីគ្រប់គ្រាន់ដើម្បីទទួលបានតំណែងជាប្រធានាធិបតីអាមេរិកថ្មី កាលពីថ្ងៃសៅរ៍កន្លងទៅ។ ការឈ្នះចុងក្រោយរបស់លោក Joe Biden គឺនៅរដ្ឋ Pennsylvania បន្ទាប់ពីការរាប់សន្លឹកឆ្នោតរយៈពេល ៤ថ្ងៃ ដែលបានអូសបន្លាយយូរដោយសារសន្លឹកឆ្នោតតាមអ៉ីមែល។ ការឈ្នះបន្ថែមសម្រាប់រដ្ឋ Georgia នឹងកាន់តែបន្ថែមនូវជ័យជម្នះសម្រាប់លោក Joe Biden ។

ប្រធានាធិបតីជិតដាច់អាណត្តិលោក Donald Trump បានបដិសេធមិនទទួលស្គាល់ការបរាជ័យនេះឡើយ ហើយគាត់បាននិយាយដោយគ្មានភ័ស្តុតាងថា ការបោះឆ្នោតនេះត្រូវបានបំផ្លាញដោយការក្លែងបន្លំ។ ការរាប់សន្លឹកឆ្នោតនៅរដ្ឋ Georgia បានបង្ហាញឱ្យឃើញថាលោក Joe Biden នាំមុខលោក Trump ដោយសំឡេងគាំទ្រត្រឹមតែ ១៤,១០១ សន្លឹក ក្នុងចំណោម ៥ លាននៅទូទាំងរដ្ឋ។ រដ្ឋមន្រ្តីក្រសួងការបរទេសរដ្ឋ Georgia លោក Brad Raffensperger បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា ដោយមានគម្លាតឈ្នះតូចដូច្នេះ វាចាំបាច់ត្រូវមានការរាប់ឡើងវិញ។
លោក Raffensperger បាននិយាយថា៖ «អ្នកពិតជាត្រូវធ្វើការរាប់ឡើងវិញដោយដៃផ្ទាល់ ពីព្រោះគម្លាតឈ្នះគឺតិចតួច។ យើងចង់ចាប់ផ្តើមការរាប់នេះ មុនសប្តាហ៍នេះផុតទៅ»។ លោកបានមានប្រសាសន៍ថា៖ «ប្រជាជននឹងត្រូវធ្វើការច្រើនម៉ោងបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ»។
លោក Raffensperger បាននិយាយថា ក្រុមមន្រ្តីនឹងធ្វើការជាគូដោយបែងចែកសន្លឹកឆ្នោតជាគំនរ ហើយរាប់នៅក្រោមការឃ្លាំមើលរបស់អ្នកសង្កេតការណ៍មកពីគណបក្សនយោបាយទាំង ២ ។ លោកបានមានប្រសាសន៍ថា គំនរនេះនឹងរាប់បញ្ចូលសន្លឹកឆ្នោតដែលបោះដោយផ្ទាល់ និងតាមរយៈតាមអ៉ីមែល។ លោកបាននិយាយថា៖ «នោះហើយជារបៀបដែលវានឹងត្រូវឆ្លងកាត់ ហើយអ្នកនឹងទទួលបានលទ្ធផលទាំងអស់។ វាគឺជាដំណើរការដ៏ធំមួយ»៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia