ការសិក្សាបានបង្ហាញថា អត្រាស្លាប់ដោយជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បានធ្លាក់ចុះប្រមាណ ៣០% ចាប់តាំងពីខែមេសា
ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានវាស់វែងនិងវាយតម្លៃសុខភាព នៃសាកលវិទ្យាល័យវ៉ាស៊ីនតោន (IHME) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លទ្ធភាពដែលជំងឺ COVID-19 អាចធ្វើឱ្យមានការស្លាប់បានធ្លាក់ចុះជិត ១ ភាគ ៣ គិតចាប់តាំងពីខែមេសា ដោយសារតែការព្យាបាលជំងឺត្រូវបានធ្វើឱ្យប្រសើរឡើងៗ។ លោកវេជ្ជបណ្ឌិត Christopher Murray នាយក IHME បានប្រាប់រ៉យទ័រថា នៅសហរដ្ឋអាមេរិកឥឡូវនេះ ជំងឺ COVID-19 សម្លាប់តែ ១.៦% នៃអ្នកឆ្លងជំងឺប៉ុណ្ណោះ នេះបើប្រៀបធៀបទៅនឹងអត្រា ០.៩% នៅពេលដែលជំងឺបានរាតត្បាតដំបូង។

លោកបាននិយាយថា ស្ថិតិបានបង្ហាញថាគ្រូពេទ្យបានរិះរកវិធីប្រសើរជាងមុនដើម្បីថែទាំអ្នកជំងឺ រួមទាំងការទប់ស្កាត់មិនឱ្យឈាមកក និងការគាំទ្រអុកស៊ីសែនផ្សេងៗ។ ការព្យាបាលដែលមានប្រសិទ្ធិភាពដូចជាថ្នាំ Steroid Dexamethasone ក៏ត្រូវបានកំណត់ថាល្អផងដែរ។ ក្រុមអ្នកស្រាវជ្រាវក៏បានកំណត់ផងដែរថា អត្រាមរណភាពនៃជំងឺ COVID-19 គឺកាន់តែអាក្រក់នៅក្នុងសហគមន៍ដែលមានអ្នកធាត់លើសទម្ងន់ច្រើន។
IHME បាននិយាយថា ការវិភាគរបស់ខ្លួននៃអត្រាមរណភាពតាមអាយុពីការស្ទង់មតិជាង ៣០០ បង្ហាញថា មានការធ្លាក់ចុះ ៣០% ចាប់តាំងពីខែមីនា និង មេសា។ ទោះបីជាមាននិន្នាការវិជ្ជមានបែបនេះក្តី ការឆ្លងនិងការសម្រាកនៅមន្ទីរពេទ្យបានកើនឡើងនៅទូទាំងប្រទេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ គួរឱ្យដឹងដែរថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅអាមេរិកឥឡូវនេះបានកើនដល់ ១០.៥ លាននាក់ ខណៈមានអ្នកស្លាប់ច្រើនជាង ២៤ម៉ឺននាក់ រួចមកហើយ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ