ប្រទេសជប៉ុននិងកូរ៉េខាងត្បូងសន្យាផ្តល់ប្រាក់ ៥៧ លានដុល្លារ សម្រាប់ការឆ្លើយតប និងទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុងសហគមន៍អាស៊ាន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress សម្រាប់ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសជប៉ុននិងកូរ៉េខាងត្បូង បានសន្យាផ្តល់ប្រាក់ចំនួន ៥៧ លានដុល្លារ ដល់សហគមន៍អាស៊ាន សម្រាប់ទប់ទល់ និងឆ្លើយតបជាមួយជំងឺ COVID-19 នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ដែលបានធ្វើឡើងតាមអ៉ីនធឺណេតកាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងផ្តល់ថវិកាចំនួន ៥០ លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈនិងជំងឺដែលកំពុងកើតមាន (AC-PHEED) និង ១ លានដុល្លារ សម្រាប់មូលនិធិឆ្លើយតបជំងឺ COVID-19 នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី ២៣ ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានប្រកាសការបង្កើត AC-PHEED នៅឯកិច្ចប្រជុំ ដោយបន្ថែមថាវានឹងជួយបង្កើនសមត្ថភាពវេជ្ជសាស្រ្ត និងការសម្របសម្រួលរបស់ប្រទេសនីមួយៗ និងប្លុកក្នុងករណីមានការផ្ទុះឡើងនៃជំងឺ។ នាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga ក៏បានសាទរចំពោះការបង្កើត AC-PHEED ហើយសន្យាថានឹងជួយធ្វើប្រតិបត្តិការនេះ។
កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងផ្តល់ថវិកាចំនួន ១ លានដុល្លារ ដល់មូលនិធិ និងឧបករណ៍វេជ្ជសាស្ត្រមានតម្លៃ ៥ លានដុល្លារ ដើម្បីជួយដល់សមាជិកអាស៊ានប្រយុទ្ធប្រឆាំង និងងើបឡើងវិញពីជំងឺ COVID-19 ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី ២១ ប្រធានាធិបតីលោក Moon Jae-in បាននិយាយថា ប្រទេសរបស់លោកមានឆន្ទៈធ្វើការជាមួយអាស៊ាន ដើម្បីជំនះរាល់បញ្ហាប្រឈមដែលបានកើតឡើងដោយជំងឺ COVID-19។
អាស៊ានបានស្នើសុំការគាំទ្រជាបន្តសម្រាប់ការផ្តួចផ្តើមគំនិតបង្ការជំងឺ ដូចជាការផ្គត់ផ្គង់វេជ្ជសាស្ត្រក្នុងតំបន់អាស៊ាន។ ភាគីទាំង ២ ក៏បានព្រមព្រៀងសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត COVID-19 ជាពិសេសផ្តោតលើការអភិវឌ្ឍវ៉ាក់សាំងដែលមានប្រសិទ្ធិភាព និងធ្វើឱ្យប្រាកដថាប្រជាជនអាចទទួលបានវ៉ាក់សាំងនេះ។ កិច្ចប្រជុំកំពូលទាំង ២ ត្រូវបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ដែលត្រូវបានរៀបចំឡើងដោយប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា៕



អត្ថបទ៖ លីដា
ប្រភព៖ VNexpress