ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Vamco នៅប្រទេសហ្វីលីពីន ពេលនេះបានកើនដល់ ២៧ នាក់ហើយ
តួលេខជាផ្លូវការកាលពីថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហាញថា ចំនួនអ្នកស្លាប់នៅក្នុងព្យុះទីហ្វុង Vamco បានកើនឡើងយ៉ាងហោចណាស់ដល់ ២៧នាក់ បន្ទាប់ពីព្យុះបានធ្វើឱ្យមានទឹកជំនន់ដ៏អាក្រក់បំផុតមួយ ក៏ដូចជាបង្កឱ្យមានការជន់លិចភូមិ និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះ។ វាគឺជាព្យុះទី៣ ដែលបានបោកបក់មកលើហ្វីលីពីន ក្នុងរយៈពេលមិនប៉ុន្មានសប្ដាហ៍កន្លងមកនេះ ដែលធ្វើឱ្យតំបន់ងាយលិចទឹកនៃទីក្រុងម៉ានីល និងខេត្តជុំវិញត្រូវបានជន់លិចជាបន្ដបន្ទាប់ ហើយប្រជាជនខ្លះនៅលើដំបូលដើម្បីរង់ចាំជំនួយ។

មនុស្សរាប់ពាន់នាក់នៅតែគ្មានអគ្គិសនីប្រើប្រាស់បន្ទាប់ពីព្យុះទីហ្វុង Vamco បានវាយលុកកោះ Luzon ដែលជាកោះមានប្រជាជនច្រើនជាងគេកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ វាបានបង្កជាការបាក់ដី ការដួលរលំដើមឈើ និងការកាត់ផ្តាច់ផ្លូវ។ គិតមកទល់ពេលនេះចំនូនអ្នកស្លាប់បានកើនដល់ ២៧នាក់ ប៉ុន្តែមន្ត្រីបានព្រមានថា ចំនួននេះអាចនឹងកើនឡើងបន្ថែមទៀតនៅពេលមានរបាយការណ៍ថ្មីៗ។
អាជ្ញាធរក៏បានជួយពលរដ្ឋប្រមាណ ៧៥ ០០០ នាក់ ឱ្យបានស្នាក់នៅកន្លែងបណ្ដោះអាសន្ន ប៉ុន្តែវាកាន់តែព្រួយបារម្ភលើជំងឺ COVID-19 ដោយសារថាជនរងគ្រោះដោយទឹកជំនន់ទាំងនេះ មិនមានការរក្សាគម្លាត ឬបានពាក់ម៉ាស់ត្រឹមត្រូវនោះទេ។ គួរឱ្យដឹងដែរថាមួយរយៈចុងក្រោយនេះ ហ្វីលីពីនបានទទួលរងគ្រោះដោយគ្រោះធម្មជាតិជាប់ៗគ្នា ដោយប៉ុន្មានសប្ដាហ៍ចុងក្រោយនេះមានព្យុះចំនួន ២ គឺ Molave និង Goni បានវាយប្រហារលើប្រទេសនេះ ហើយទី៣ គឺព្យុះ Vamco នេះតែម្ដង៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia