អន្តរជាតិ

អ្នកវិនិយោគបរទេសបានសម្រុកបោះទុនចូលក្នុងទីផ្សារហិរញ្ញាវត្ថុថៃ ក្រោយក្រុមហ៊ុន Pfizer ប្រកាសពីប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការកូវីដ១៩

BY
autoadmin
November 14, 2020

ថៃ៖ ដោយមានជំនឿថាការរកឃើញវ៉ាក់សាំងការពារជំងឺ COVID-19 នឹងធ្វើឲ្យប្រទេសថៃបើកទ្វារព្រំដែនស្វាគមន៍អ្នកដំណើរបរទេសជាធម្មតាវិញនោះ អ្នកវិនិយោគបរទេសជាច្រើនបានសម្រុកដាក់លុយទៅក្នុងទីផ្សារហិរញ្ញត្ថុថៃ នេះបើយោងតាមកាចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger ។ ប្រភពបានបន្តថា និន្នការនេះបានកើតឡើងភ្លាមៗបន្ទាប់ពីក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ដែលបានសហការជាមួយ និងក្រុមហ៊ុនអាឡឺម៉ង់ BioNtech បានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការផលិតវ៉ាក់សាំងជំងឺ COVID-19 ដែលគិតមកទល់នឹងពេលនេះវ៉ាក់សាំងត្រូវបានគេដឹងថា មានប្រសិទ្ធភាពរហូតដល់ទៅ ៩០% នៅក្នុងការវិភាគដោយក្រុមពិនិត្យទិន្នន័យឯករាជ្យ។

លោក Poon Panichpibool ដែលជាប្រធានផ្នែកយុទ្ធសាស្ត្រនៃធនាគារដ៏ធំរបស់ថៃ គឺធនាគារ Krung Thai Bank បានឲ្យដឹងថា តម្លៃលុយបាតបានកើនឡើង ៣% ចាប់តាំងពីចុងខែតុលាមក ហើយគេជឿថាតម្លៃលុយបាតនឹងបន្តកើនឡើងរហូតដល់ឆ្នាំក្រោយ ប្រសិនបើស្ថានភាពនៃជំងឺ COVID-19 កាន់តែល្អប្រសើរឡើង ពោលគឺគេអាចរកឃើញវិធីទប់ស្កាត់ជំងឺមួយនេះ។ ប្រទេសថៃក៏បានចាប់ផ្តើមពិភាក្សាជាមួយប្រទេសចិនរួចទៅហើយ អំពីការបង្កើតច្រករបៀងធ្វើដំណើរដោយគ្មានការដាក់ដោយឡែកនៅត្រឹមខែមករា ដែលនេះវាបានធ្វើឱ្យអ្នកវិនិយោគបរទេសសម្លឹងឃើញការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសនេះ។

លោក Poon Panichpibool បានបន្តថា ស្ថិតក្នុងស្ថានភាពអំណោយផលដូច្នេះ គ្រាន់តែនៅក្នុងខែនេះតែមួយមានក្រុមអ្នកវិនិយោគបរទេសបានបោះទុកជាទឹកប្រមាណជា ១.៥ ពាន់លានដុល្លារអាមេរិក ទិញមូលបត្របំណុល (Bonds) ក្នុងទីផ្សារហិរញ្ញវត្ថុថៃ ដែលអាចឲ្យថៃយកប្រាក់ទាំងនេះទៅប្រើប្រាស់ដើម្បីពង្រឹងតម្លៃលុយបាតឲ្យកាន់តែឡើងខ្ពស់ថែមទៀត ហើយនៅពេលលុយបាតអាចឡើងទៅដល់កម្រិតដូចកាលពីមុនវិញ ក្រុមអ្នកវិនិយោគទាំងនោះក៏អាចចំណេញប្រាក់បានយ៉ាងច្រើនផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖ The Thaiger

Share This Post: