ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រសិនបើចង់រក្សាបាននូវសុខភាពល្អនៅពេលឈានចូលដល់វ័យក្រោយ ៤០ ឆ្នាំ អ្នកមិនគួរមើលរំលងទម្លាប់នៃការទទួលទានមួយចំនួននេះឡើយ 

    BY Khmernote Media June 21, 2018
    ប្រសិនបើចង់រក្សាបាននូវសុខភាពល្អនៅពេលឈានចូលដល់វ័យក្រោយ ៤០ ឆ្នាំ អ្នកមិនគួរមើលរំលងទម្លាប់នៃការទទួលទានមួយចំនួននេះឡើយ 

    ការចាប់ផ្ដើម ឬឈានចូលដល់វ័យកណ្ដាល គឺជាដំណាក់កាលសំខាន់បំផុតមួយនៅក្នុងជីវិត។ យោងតាមលោក Ken Fox សាស្ត្រាចារ្យផ្នែកលំហាត់ប្រាណ និងវិទ្យាសាស្រ្តសុខាភិបាលនៅសាកលវិទ្យាល័យ Bristol បាននិយាយថា នៅពេលឈានដល់វ័យពាក់កណ្តាលអាយុ ឬក្រោយ ៤០ឆ្នាំ ម៉ាសសាច់ដុំចាប់ផ្តើមថយចុះហើយស្រទាប់ខ្លាញ់នឹងចាប់ផ្តើមឡើង។ ដំណើរការនេះនឹងអាចនាំឱ្យកើតមាន ជម្ងឺធាត់ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម បញ្ហាបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលនិងប្រភេទមួយចំនួនទៀតនៃជម្ងឺមហារីក។ ក្រៅពីការធ្វើលំហាត់ប្រាណចាំចាច់មួយចំនួនហើយនោះ ការជ្រើសរើសរបបអាហារបានត្រឹមត្រូវ ឬទម្លាប់នៃការទទួលទានអាហារក៏ជាចំណុចសំខាន់ដើម្បីទទួលបានសុខភាពល្អ ជៀសឆ្ងាយពីជំងឺផងដែរ។ ខាងក្រោមជាទម្លាប់ល្អៗមួយចំនួនទាក់ទងនឹងការទទួលទាន ក៏ដូចជាជ្រើសរើសរបបអាហារដែលអ្នកមិនគួរមើលរំលងនៅពេលឈានចូលដល់វ័យក្រោយ ៤០ ឆ្នាំ ៖

    ១. ជម្រុញឲ្យការដុតរំលាយអាហារក្នុងរាងកាយមានភាពខ្លាំងក្លា ឬសកម្ម ៖ ការដុតរំលាយអាហារក្នុងរាងកាយ គឺជាដំណើរការនៃរាល់ប្រតិកម្មគីមីក្នុងរាងកាយ។ មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យដំណើរការនៃការដុតរំលាយអាហាររបស់មនុស្សមួយចំនួនមានសភាពយឺត ហើយមូលហេតុចម្បងសំខាន់ជាងគេនោះ គឺបណ្ដាលមកពីអាយុ។ ប៉ុន្តែកុំបារម្ភពេក!ទោះជាយ៉ាងណា វាក៏នៅតែមានវិធីផ្សេងៗដើម្បីជួយបង្កើនល្បឿននៃការបំប្លែង ឬដុតរំលាយអាហារដែរ ហើយការទទួលទានបានត្រឹមត្រូវ គឺជាវិធី ឬគន្លឹះដ៏ងាយបំផុតដើម្បីដោះស្រាយបញ្ហានេះ។ ដូច្នេះអ្នកត្រូវប្រាកដថា ទទួលទានបានញឹកញាប់ទៀងពេល ហើយមិនរំលង ឬអត់អាហារធំៗទាំង ៣ ពេល។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរបន្ថែមនូវសារជាតិប្រូតេអ៊ីនផ្សេងៗទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ វានឹងជួយអ្នកអោយរក្សាបានទំហំសាច់ដុំ ក៏ដូចជាមិនទទួលទានហួសកម្រិត។

    ២. ជ្រើសរើសទទួលទានអាហារដែលធ្វើឡើងពីធញ្ញជាតិសុទ្ធ ៖ គ្រាប់ធញ្ញជាតិសុទ្ធ គឺល្អប្រសើរជាងគ្រាប់ធញ្ញជាតិដែលត្រូវបានកែច្នៃ ឬចម្រាញ់ ក៏ព្រោះគ្រាប់ធញ្ញជាតិសុទ្ធមានផ្ទុកសម្បូរទៅដោយវីតាមីន B ប៉ូតាស្យូម ម៉ាញ៉េស្យូម និងជាតិសសៃ ដែលជួយសម្រួលដល់ការរំលាយអាហារ និងថែមទាំងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺធាត់ ក៏ដូចជាជំងឺទឹកនោមផ្អែមទៀតផង។

    ៣. ទទួលទានគ្រាប់ធញ្ញជាតិ ៖ គ្រាប់ធញ្ញជាតិ គឺប្រៀបដូចជាផ្លែឈើមួយប្រភេទដែលផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អខ្ពស់ ជាតិស្ករទាប ប៉ុន្តែសារធាតុចិញ្ចឹមច្រើន។ គ្រាប់ធញ្ញជាតិក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពាររាល់កោសិកា កាត់បន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ ល្អសម្រាប់សុខភាពបេះដូង និងថែមទាំងជួយអ្នកឲ្យជៀសផុតពីជំងឺទឹកនោមផ្អែមប្រភេទទី ២ បានផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកមិនគួរធ្វើការទទួលទានច្រើនលើសកម្រិតពេកឡើយ។

    ៤. គ្រាប់សណ្ដែក គឺល្អសម្រាប់អ្នក ៖ គ្រាប់សណ្ដែក គឺជាប្រភពដ៏ល្អនៃជាតិសសៃ និងវីតាមីន B9 ដែលត្រូវបានគេស្គាល់ផងដែរថាជាសារធាតុ folate។ ការទទួលទានគ្រាប់សណ្ដែកអាចជួយអ្នកកាត់បន្ថយនូវកម្រិតនៃជាតិកូឡេស្តេរ៉ូល ក៏ដូចជាហានិភ័យនៃបញ្ហាបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺធាត់ផងដែរ។ លើសពីនេះទៅទៀត គ្រាប់សណ្ដែកក៏មានផ្ទុកនូវជាតិរ៉ែម្យ៉ាងហៅថា សេលេញ៉ូម (selenium) ដែលជួយប្រយុទ្ធប្រឆាំងទៅនឹងជំងឺមហារីក បញ្ហាទាក់ទងនឹងការយល់ដឹង
    ឬចងចាំរបស់មនុស្សចាស់ និងអាចជួយធ្វើអោយមានភាពប្រសើរឡើងចំពោះបញ្ហានៃជំងឺហឺតរ៉ាំរ៉ៃថែមទៀតផង។

    ៥. ទទួលយកនូវពពួកបាក់តេរីល្អៗមួយចំនួន ៖ បាក់តេរីល្អជួយធ្វើឲ្យពោះវៀនមានសុខភាពល្អ ហើយភាគច្រើនបាក់តេរីល្អៗមានប្រភពចេញពី ទឹកដោះគោជូរ  ឬយ៉ាអ៊ួរ។ ទឹកដោះគោជូរ ឬយ៉ាអ៊ួរមានផ្ទុកនូវប្រូបាយអូទិច (probiotics) ដែលជួយពោះវៀនក្នុងការរក្សាបាននូវសុខភាពល្អ។ ការទទួលទានអាហារប្រភេទទាំងនោះជារៀងរាល់ថ្ងៃ គឺពិតជាចាំបាច់ណាស់ជាពិសេសចំពោះស្ត្រីដែលមានអាយុលើសពី ៤០ ឆ្នាំដែលកំពុងជួបប្រទះនូវរោគសញ្ញាមុនពេលអស់រដូវ។

    ៦. ទទួលទានត្រីដែលមានជាតិខ្លាញ់ ៖ ត្រី គឺជាប្រភពដ៏ល្អនៃជាតិខ្លាញ់អូមេហ្កា ៣ និងវីតាមីន D ដែលមិនត្រឹមតែអាចជួយទប់ស្កាត់បញ្ហានៃជំងឺបេះដូង មហារីក ទឹកនោមផ្អែម និងសម្ពាធឈាមឡើងខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាធ្លាក់ទឹកចិត្ត ជំងឺស្មារតីអន់ខ្សោយ (ADHD) និងសូម្បីតែជំងឺវិកលចរិត។ វាក៏ជួយបន្ធូរបន្ថយរោគសញ្ញានៃការអស់រដូវផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ អ្នកគួរព្យាយាមទទួលទានប្រភេទត្រីដែលសម្បូរទៅដោយជាតិខ្លាញ់ល្អៗដូចជាត្រីសាលម៉ុន ត្រីសាឌីន ត្រីធូណា ត្រី herring ឬត្រីទឹកប្រៃ ឲ្យបានពី ១ ទៅ ៣ ដង ក្នុងមួយសប្តាហ៍។ ប្រសិនបើអ្នកមិនចូលចិត្តត្រី អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យជំនាញអំពីការប្រើប្រាស់ ឬទទួលទានថ្នាំគ្រាប់ខ្លាញ់ត្រីជំនួសវិញ។

    ៧. សាកល្បងទទួលទានកាហ្វេពណ៌បៃតង ៖ គ្រាប់កាហ្វេពណ៌បៃតង គឺជាគ្រាប់កាហ្វេដែលមិនទាន់លីងដែលធ្វើឲ្យគ្រាប់កាហ្វេនេះមានផ្ទុកនូវសារធាតុចិញ្ចឹមច្រើនជាង។ កាហ្វេប្រភេទនេះ គឺមានផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីតកម្មខ្ពស់ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងភាពចាស់តាមវ័យ ធ្វើឲ្យអ្នករក្សាបាននូវភាពក្មេងជាងវ័យបានយូរ។

    ៨. ឆាប់ទទួលទាន ៖ យោងតាមការសិក្សាមួយដោយសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក បានឲ្យដឹងថាពេលវេលានៃអាហាររបស់អ្នក គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការឡើងទម្ងន់ និងសុខភាព។ អ្នកដែលទទួលទាននៅចន្លោះពេលថ្ងៃត្រង់ដល់ម៉ោង ១១ យប់ ហាក់ដូចជាកើនទំងន់ច្រើនជាងធម្មតា ហើយកម្រិតអាំងស៊ុយលីន និងកូឡេស្តេរ៉ូក៏ឡើងខ្ពស់ជាងអ្នកដែលទទួលទាននៅចន្លោះម៉ោង ៨ ព្រឹកដល់ម៉ោង ៧ យប់។ ការទទួលអាហារយឺតយ៉ាវក៏អាចបង្កឲ្យកើតមានជំងឺរ៉ាំរ៉ៃមួយចំនួនផងដែរដូចជា ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ ប៉ុន្តែការឆាប់ទទួលទានវិញ គឺអាចនឹងផ្ដល់ឲ្យអ្នកនូវថាមពលបន្ថែម។

    ៩. ធ្វើឲ្យឆ្អឹងរបស់អ្នកអស្ចារ្យឡើងម្ដងទៀត ៖ ស្ទើរតែគ្រប់កោសិកាទាំងអស់នៅក្នុងរាងកាយប្រើប្រាស់កាល់ស្យូមតាមរបៀបណាមួយតាមការចាំបាច់។ ហើយនៅពេលយើងកាន់តែចាស់ទៅ យើងអាចស្រូបយកកាល់ស្យូមបានតិចតួចប៉ុណ្ណោះពីអាហារដែលឲ្យរាងកាយប្រែដណ្ដើមយកជាតិកាលស្យូមពីឆ្អឹងទៅវិញដើម្បីបំពេញតម្រូវការ។ ដូច្នេះដើម្បីទប់ស្កាត់កង្វះនៃជាតិកាល់ស្យូម អ្នកគួររៀបចំរបបអាហារដែលមានផ្ទុកជាតិកាលស្យូមច្រើនដូចជា ទឹកដោះគោស្រស់ ផលិតផលផ្សំឡើងពីទឹកដោះគោ គ្រាប់ធញ្ញជាតិ ត្រីសាលម៉ុន ត្រីសាឌីន គ្រាប់សណ្ដែក និងគ្រាប់អាល់មុន ជាដើម។

    ១០. បន្ថែមពណ៌ក្នុងរបបអាហារ ៖ ផ្លែឈើ និងបន្លែជាច្រើនប្រភេទ គឺសុទ្ធតែមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែមានបន្លែផ្លែឈើមិនច្រើនទេដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម anthocyanin ដែលជាសារជាតិមួយផ្ដល់ឲ្យផ្លែឈើ និងបន្លែនូវពណ៌ភ្លឺខ្ចី។ ការស្រាវជ្រាវពីមុនៗបានបង្ហាញថា អាហារដែលមានផ្ទុកកំហាប់ខ្ពស់នៃសារធាតុ anthocyanin ដូចជា ផ្លែប្លូបឺរី ឆៃថាវក្រហម ស្ពៃក្ដោបពណ៌ស្វាយ ឬផ្លែឈើរី អាចជួយកែប្រែស្ថានភាពប្រព័ន្ធសរសៃឈាមបេះដូង
    និងជំងឺរង្វេងរបស់ស្ត្រីមានភាពប្រសើរឡើង៕

    អត្ថបទ ៖ ប៊ី

    ប្រភព ៖ Brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay