ម្សិលមិញនេះម៉ាឡេស៊ីរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ១,២០៨ ករណី និងស្លាប់ ៣ ករណីបន្ថែមទៀត
ម៉ាឡេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា កាលពីថ្ងៃ អាទិត្យទី ១៥ ខែ វិច្ឆិកា ម្សិលមិញនេះ ម៉ាឡេស៊ីបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ១ ២០៨ ករណី ហើយចំនួនអ្នកស្លាប់ក៏បាន ៣ ករណីបន្ថែមទៀតផងដែរ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្នុងចំណោមករណីអ្នកឆ្លងថ្មីខាងលើនេះភាគច្រើនគឺបានរកឃើញនៅក្នុងតំបន់ Klang Valley ក្រុងកូឡាឡាំពួ ពោលគឺគ្រាន់តែក្នុងតំបន់មួយនេះមានឆ្លងជំងឺកូវីដ ១៩ ថ្មីរហូតដល់ទៅ ៦៦១ ករណីទៅហើយ។

បើតាមលោកវេជ្ជបណ្ឌិត Noor Hisham Abdullah នាយកសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងដែរថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ៦ ករណី គឺជាករណីនាំចូលតាមរយៈអ្នកដំណើរបរទេសមកកាន់ក្រុងកូឡាឡាំពួ ដោយក្នុងនោះមាន ៣ ករណីមកពីប្រទេសឥណ្ឌា ១ ករណីមកពីប្រទេសឥណ្ឌូនេស៊ី ១ ករណីមកពីប្រទេសនេប៉ាល់ និង ១ ករណីទៀតមកពីប្រទេសបង់ក្លាដេស។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីមានករណីអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៤៧ ៤១៧ ករណី ស្លាប់សរុបចំនួន ៣០៩ ករណី និងជាសះស្បើយចំនួន ៣៤ ៧៨៥ ករណីផងដែរ៕

អត្ថបទ៖ភក្តី
ប្រភព៖ Channel News Asia