គ្រួសារមួយតាមយកកូនស្រីរហូតបានកូន១៤នាក់សុទ្ធតែប្រុសទាំងអស់ ចុងក្រោយកូនទី១៥ បានកូនស្រីដូចបំណង
អាមេរិក៖ ទីបំផុតទៅគ្រួសារជនអាមេរិកមួយដែលមានកូនប្រុសរហូតដល់ទៅ ១៤ នាក់រួចហើយនោះ អាចមានសំណាងទទួលបានកូនស្រីម្នាក់ហើយ ដែលកូនស្រីរូបនេះគឺជាកូនទី ១៥ នៅក្នុងគ្រួសារ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន NBCNEWS បានឲ្យដឹងថា គ្រួសារដ៏ធំមួយនេះជាគ្រួសារកសិករ ដែលកំពុងរស់នៅក្នុងភាគខាងលិចនៃរដ្ឋ Michigan សហរដ្ឋអាមេរិក ដោយមានបុរសជាឪពុកឈ្មោះ Jay Schwandt និងប្រពន្ធឈ្មោះ Kateri Schwandt ហើយពួកគាត់ទាំង ២ មានអាយុ ៤៥ ឆ្នាំដូចគ្នា។

កន្លងមកគ្រួសារ Schwandt ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសារព័ត៌មានអាមេរិក ព្រោះតែគ្រួសារមួយនេះមានសមាជិកច្រើនជាងគេ និងជាពិសេសនោះគឺមានកូនប្រុសរហូតដល់ទៅ ១៤ នាក់។ បើគិតតាមការការគណនាប្រូបាបដោយផ្អែកជាមួយនិងចំនួនគ្រួសារអាមេរិកផ្សេងទៀតនោះគេអាចរកឃើញថា ករណីរបស់គ្រួសារ Schwandt គឺជាករណីមួយដែលអាចកើតមានក្នុងចំណោម ១៦ ៣៨៤ ករណី។ យ៉ាងណាក្តី ប៉ុន្មានថ្ងៃមុននេះគ្រួសារ Schwandt ទទួលបានកូនទី ១៥ ម្នាក់ទៀតគឺជាកូនស្រី ដែលធ្វើឲ្យសមាជិកទាំងមូលរីករាយយ៉ាងខ្លាំង ព្រោះទីផុតទៅបំណងប្រាថ្នារបស់គាត់ពួកគាត់ដែលខំព្យាយាមជាច្រើនឆ្នាំ ដើម្បីចង់បានកូនស្រីនោះបានសម្រេចហើយ៕

កូនស្រីទី ១៥ ក្នុងគ្រួសារ ឈ្មោះ Maggie Jayne

អត្ថបទ៖ភក្តី
ប្រភព៖ NBCNEWS