លោក គីម ជុងអ៊ុន បានណែនាំមន្ត្រីឱ្យពង្រឹងវិធានការប្រឆាំងនឹងរោគរាតត្បាតបន្ថែមទៀត ដោយសារប្រទេសជាច្រើនមានការរីករាលដាលកាន់តែអាក្រក់
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋកូរ៉េខាងជើងបាននិយាយថា មេដឹកនាំប្រទេសគឺលោក គីម ជុងអ៊ុន បានចុះណែនាំមន្ត្រីជាន់ខ្ពស់ឱ្យពង្រឹងបន្ថែមទៀតនូវវិធានការប្រឆាំងនឹងមេរោគឆ្លង។ ទូរទស្សន៍កូរ៉េកណ្ដាលបានរាយការណ៍ថា លោក គីម ជុងអ៊ុន បានចូលរួមក្នុងកិច្ចប្រជុំនយោបាយរបស់គណបក្សពលករកាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយលោកបានពិភាក្សាជាមួយអ្នកចូលរួម ដើម្បីបង្កើនវិធានការប្រឆាំងជាមួយជំងឺ COVID-19 បើទោះបីជាប្រទេសរបស់លោក នៅមិនទាន់មានករណីជំងឺនេះនៅឡើយក្ដី។

លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថា បានណែនាំអ្នកនៅឯកិច្ចប្រជុំនយោបាយឱ្យប្រុងប្រយ័ត្ន និងធ្វើឱ្យវិធានការប្រឆាំងនឹងការរីករាលដាលរបស់ប្រទេសរឹងមាំដូចដែក។ លោកបានមើលឃើញពីភាពចាំបាច់នៃការពង្រឹងការការពារ ដោយសារតែឥឡូវនេះប្រទេសមួយចំនួនមានការផ្ទុះក្នុងចំនួនច្រើនឡើងវិញ។ ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ផងដែរ ថាសាកលវិទ្យាល័យវេជ្ជសាស្ត្រព្យុងយ៉ាង ត្រូវបានគេរិះគន់យ៉ាងខ្លាំងនៅក្នុងកិច្ចប្រជុំនេះ ចំពោះឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលខ្លួនបានប្រព្រឹត្ត។ ប៉ុន្តែព័ត៌មានលម្អិតអំពីឧក្រិដ្ឋកម្មមិនត្រូវបានផ្តល់ឱ្យទេ។ វាត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងកែលម្អវិន័យក្នុងចំណោមអង្គការរដ្ឋ។
កូរ៉េខាងជើកក៏ហាក់មិនចាប់អារម្មណ៍ចំពោះការឈ្នះឆ្នោតរបស់លោក ចូ បៃដិន ដែលជាប្រធានាធិបតីអាមេរិកថ្មីផងដែរ ដោយសារតែរហូតមកទល់ពេលនេះគ្មានបណ្ដាញផ្សព្វផ្សាយនៅកូរ៉េខាងជើងណានិយាយពីគាត់ឡើយ ប៉ុន្តែពួកគេបានតាមដានលោក ដូណាល់ ត្រាំ ដែលកំពុងបន្ដប្ដឹងនៅក្នុងការបោះឆ្នោតប្រធានាធិបតីនេះ ដោយលោក ដូណាល់ ត្រាំ បានចោទថាមានការក្លែងបន្លំ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK