ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃ ព្រមានមិនអនុញ្ញាតឲ្យក្រុមបាតុករធ្វើការតវ៉ាបណ្ដើរ និងអង្គុយអាំងសាច់ញ៉ាំតាមផ្លូវបណ្ដើរឡើយ

    BY autoadmin November 17, 2020
    អាជ្ញាធរថៃ ព្រមានមិនអនុញ្ញាតឲ្យក្រុមបាតុករធ្វើការតវ៉ាបណ្ដើរ និងអង្គុយអាំងសាច់ញ៉ាំតាមផ្លូវបណ្ដើរឡើយ

    ថៃ៖ អាជ្ញាធរថៃបានជូនដំណឹងជាសាធារណៈថា នឹងគ្មានទេការអាំងសាច់បណ្ដើរ និងធ្វើបាតុកម្មបណ្តើរក្នុងពេលតែមួយនៅខាងមុខវិមានរដ្ឋសភាថៃតាមការគ្រោងទុករបស់ក្រុមបាតុករ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍។ ឧត្តមសេនីយ៍ទោ Piya Tawichai អនុប្រធានប៉ូលិសក្រុងបាងកកបានព្រមានច្បាស់ៗថា ការធ្វើបាតុកម្មមិនមែនជារឿងខុសច្បាប់នោះទេ តែក្រុមបាតុកម្មអាចនឹងធ្វើខុសច្បាប់ប្រសិនបើពួកគេនាំទៅអាំងសាច់នៅមុខវិមានរដ្ឋសភានៅល្ងាចថ្ងៃអង្គារនេះ ព្រោះច្បាប់មិនអនុញ្ញាតឲ្យពលរដ្ឋនាំគ្នាទៅធ្វើម្ហូបអាហារនៅទីសាធារណៈឬលើផ្លូវសាធារណៈឡើយ។

    ឧត្តមសេនីយ៍ទោរូបនេះបានបន្តថា ការនាំគ្នាទៅចម្អិនអាហារនៅទីសាធារណៈឬលើផ្លូវសាធារណៈអាចប៉ះពាល់ដល់សណ្ឋាប់ធ្នាប់សង្គមនិងការធ្វើដំណើរយ៉ាងខ្លាំង ហើយអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងចំពោះពលរដ្ឋណាដែលហ៊ានធ្វើសកម្មភាពនេះដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ។

    សូ​មបញ្ជាក់ជូនថា តាមគម្រោងក្រុមបាតុករថៃនឹងប្រមូលផ្ដុំគ្នានៅមុខវិមានរដ្ឋសភាថៃនៅម៉ោង ៣ ល្ងាចនេះ ដើម្បីតវ៉ាឲ្យសមាជិកសភាថៃនិងនាយករដ្ឋមន្ត្រីធ្វើវិសោធនកម្មលើច្បាប់គ្រប់គ្រងលើការប្រើប្រាស់អ៊ីនធឺណិតមួយចំនួន ដែលពួកគេយល់ថាច្បាប់នោះមានលក្ខណៈរំលោភលើសិទ្ធសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ។ ក្រៅតែពីគ្រោងធ្វើការតវ៉ានេះ ក្រុមបាតុករក៏គ្រោងដាក់លក់សាច់អាំងសម្រាប់ក្រុមបាតុករគ្នាឯងផងដែរ ដោយសាច់អាំងនឹងចាប់ផ្តើមលក់ពីម៉ោង ៤ ល្ងាច រហូតដល់ម៉ោង ៩៖៣០ យប់​ មានតម្លៃ ៥៩៩ បាត (១៩,៩ ដុល្លារអាមេរិក) ក្នុងមួយឈុត ហើយក្នុងមួយឈុតដែលមានបញ្ជូលទាំងសាច់ បន្លៃ និងគ្រឿងសមុទ្រចំនួន ៩ មុខនោះ គឺល្មមអាចញ៉ាំបានសម្រាប់មនុស្សបីបួននាក់ឯណោះ។ គោលបំណងរបស់ក្រុមបាតុករសម្រាប់ការដាក់លក់សាច់អាំងនេះគឺមិនមែនជាការឆ្លៀតឱកាសរកប្រាក់ចំណេញឡើយ តែពួកគេចង់ឲ្យក្រុមបាតុករទាំងអស់សប្បាយរីករាយក្នុងពេលធ្វើបាតុកម្មហើយនៅបន្តធ្វើបាតុកម្មរហូតដល់ការទាមទារបស់ពួកគេទទួលជោគជ័យ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: