ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកសារព័ត៌មានចិនម្នាក់ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ បន្ទាប់ពីបានរាយការណ៍ពីស្ថានការបានកើតឡើងនៅទីក្រុង Wuhan

    BY autoadmin November 17, 2020
    អ្នកសារព័ត៌មានចិនម្នាក់ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ បន្ទាប់ពីបានរាយការណ៍ពីស្ថានការបានកើតឡើងនៅទីក្រុង Wuhan

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា អ្នកសារព័ត៌មានជាពលរដ្ឋចិន និងជាអតីតមេធាវីម្នាក់ ដែលបាននិយាយអំពីការផ្ទុះឡើងនៃជំងឺ COVID-19 នៅក្នុងទីក្រុង Wuhan កំពុងប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ។ អ្នកសារព័ត៌មានរូបនោះមានឈ្មោះថា Zhang Zhan អាយុ ៣៧ឆ្នាំ គាត់ត្រូវបានឃុំខ្លួនចាប់តាំងពីគាត់ត្រូវបានចាប់ខ្លួនកាលពីខែឧសភា។ គាត់ត្រូវបានគេចោទប្រកាន់ពីបទ «រើសយកការឈ្លោះប្រកែកគ្នានិងបង្កបញ្ហា» ដែលជាការចោទប្រកាន់មួយ ដែលជារឿយៗត្រូវបានប្រើប្រឆាំងនឹងសកម្មជននៅក្នុងប្រទេសចិន។

    អ្នកស្រី Zhang Zhan មិនមែនជាអ្នកសារព័ត៌ចិនដំបូង ដែលបានជួបបញ្ហាក្នុងការរាយការណ៍អំពីជំងឺនៅទីក្រុង Wuhan នោះទេ។ យ៉ាងហោចណាស់មានមនុស្ស  ៣នាក់ បានបាត់ខ្លួននៅខែកុម្ភៈ កាលពីដើមឆ្នាំ២០២០នេះ។ មួយឈ្មោះលោក Li Zehua បានបង្ហាញខ្លួនម្តងទៀតកាលពីខែមេសា ដោយនិយាយថាគាត់ត្រូវបានគេដាក់ឱ្យនៅដាច់ពីគេ។ ក្រោយមកអ្នកទី២ គឺលោក Chen Qiushi ត្រូវបានគេដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាល ខណៈកន្លែងដែលអ្នកកាសែតទី៣ ឈ្មោះ Fang Bin នៅមិនទាន់ដឹងនៅឡើយ។

    យោងតាមឯកសារចោទប្រកាន់ដែលបានលេចចេញមក អ្នកស្រី Zhang Zhan បានធ្វើដំណើរទៅកាន់ទីក្រុង Wuhan កាលពីខែកុម្ភៈ ដែលជាកន្លែងដែលគាត់បានរាយការណ៍អំពីរឿងរ៉ាវជាច្រើន។ យោងតាមអង្គការមិនមែនរដ្ឋាភិបាលបណ្តាញអ្នកការពារសិទ្ធិមនុស្សចិន (CHRD) និយាយថា របាយការណ៍របស់អ្នកស្រីរួមមានការឃុំខ្លួនអ្នកកាសែតឯករាជ្យផ្សេងទៀត និងការយាយីក្រុមគ្រួសារជនរងគ្រោះដែលកំពុងស្វែងរកការទទួលខុសត្រូវ។ លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ គាត់ក៏បានបាត់ខ្លួន ហើយថ្ងៃបន្ទាប់ទើបគេដឹងថា គាត់ត្រូវបានប៉ូលីសនៅសៀងហៃចាប់ឃាត់ខ្លួន។

    រហូតដល់នៅថ្ងៃទី១៩ ខែមិថុនា គាត់ត្រូវបានចាប់ខ្លួនជាផ្លូវការនៅសៀងហៃ ហើយជិត ៣ខែ ក្រោយមកគឺនៅថ្ងៃទី០៩ ខែកញ្ញា ទើបមេធាវីរបស់គាត់ត្រូវបានគេផ្តល់ឱកាសឱ្យបានជួបអ្នកស្រី។ អ្នកស្រីក៏បានធ្វើកូដកម្មអត់អាហារដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួន ប៉ុន្តែនៅថ្ងៃទី១៨ ខែកញ្ញា អ្នកស្រីត្រូវបានមេធាវីប្រាប់ថាជាពិរុទ្ធ ហើយអ្នកស្រីទើបតែត្រូវបានកាត់ទោសជាផ្លូវការនៅថ្ងៃសុក្រកន្លងទៅនេះ។

    ការចោទប្រកាន់ដែលបានផុសកាលពីថ្ងៃច័ន្ទ បានចោទប្រកាន់គាត់ពីបទបានផ្ញើព័ត៌មានមិនពិត តាមរយៈអត្ថបទវីដេអូនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដូចជា WeChat, Twitter និង YouTube ជាដើម។ គាត់ក៏ត្រូវបានគេចោទប្រកាន់ពីបទទទួលយកបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានបរទេស និងផ្សព្វផ្សាយព័ត៌មានមិនល្អអំពីជំងឺ COVID-19 នៅទីក្រុង Wuhan។ ដូច្នេះការកាត់ទោសពី ៤ ទៅ ៥ឆ្នាំ អាចត្រូវបានណែនាំ៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: