ថៃគ្រោងដាក់បន្ថែមរថភ្លើងលើអាកាសចំនួន២២គ្រឿងទៀត ដើម្បីបញ្ចៀសបញ្ហាស្ទះចរាចរណ៍
ថៃ៖ ក្រុមហ៊ុនរថភ្លើង BTS (Bangkok Mass Transit System ) របស់ថៃគ្រោងនឹងដាក់បន្ថែមរថភ្លើងលើអាកាសចំនួន ២២ បន្ថែមទៀត នៅក្នុងខែ្សរថភ្លើង Sukhumvit ដើម្បីបញ្ចៀសបញ្ហាកកស្ទះ និងដើម្បីកុំឲ្យអ្នកដំណើរទាំងអស់ត្រូវរង់ចាំយូរ។ រថភ្លើងទាំង២២គ្រឿងនេះ គឺជាប្រភេទរថភ្លើងផលិតឡើងដោយក្រុមហ៊ុនរបស់ប្រទេសអាឡឺម៉ង់។ រហូតមកទល់នឹងពេលនេះក្រុមហ៊ុនផលិតរថភ្លើងរបស់អាឡឺម៉ង់ និងក្រុមហ៊ុន BTS របស់ថៃ បានចុះកិច្ចសន្សាព្រមព្រាងជាមួយគ្នារួចរាល់អស់ហើយ តែចំពោះរថភ្លើងវិញគេអាចនឹងដាក់បន្ថែមនៅចុងខែនេះ។
សូមបញ្ជាក់រថភ្លើងនៅលើអាកាស គឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋថៃសម្រាប់ធ្វើដំណើរប្រចាំថ្ងៃ ដូចជាទៅធ្វើការងារ ទៅសាលារៀន ទៅផ្សារទំនើបមួយចំនួន និងធ្វើដំណើរទៅកាន់កន្លែងសំខាន់ៗមួយចំនួនទៀតនៅក្នុងទីក្រុង។ ហើយដំណឹងខាងលើនេះ ទទួលបានការស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋថៃ ដែលតែងតែប្រើប្រាស់រថភ្លើងជាប្រចាំ៕
អត្ថបទ៖ ភក្តី
ប្រភព៖ coconuts