ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជាថ្មីម្ដងទៀត! ប៉ូលីសថៃបានដាក់ពង្រាយកាណុងបាញ់ទឹក ដើម្បីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករថៃនៅរសៀលថ្ងៃអង្គារនេះ

    BY autoadmin November 17, 2020
    ជាថ្មីម្ដងទៀត! ប៉ូលីសថៃបានដាក់ពង្រាយកាណុងបាញ់ទឹក ដើម្បីបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករថៃនៅរសៀលថ្ងៃអង្គារនេះ

    យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ប៉ូលីសថៃបានដាក់ពង្រាយកាណុងបាញ់ទឹកដើម្បីបាញ់ទៅលើក្រុមបាតុករ ដែលពួកគេកំពុងព្យាយាមដកលួសបន្លាដែលអាជ្ញាធរបានដាក់នៅខាងក្រៅសភា។ ក្រុមបាតុករមួយក្រុមដែលមានពាក់មួកសុវត្ថិភាព និងឧបករណ៍ការពារ បានទៅដល់ជញ្ជាំងស៊ីម៉ង់មួយ ដែលមានដាក់លួសបន្លា នៅជិតផ្លូវបំបែក Bang Krabue នៅមុខរដ្ឋសភា ក្នុងសង្កាត់ Dusit នៅម៉ោងប្រមាណ ២ និង ៣០ នាទីរសៀល។ បន្ទាប់មកពួកគេបានព្យាយាមឆ្លងកាត់របាំងនោះ ដោយគប់ថង់ថ្នាំពណ៌ និងគ្រាប់បែកផ្សែង ឆ្ពោះទៅជួរប៉ូលីសបាតុកម្មនៅម្ខាងទៀត។

    ចំណែកខាងប៉ូលីសក៏បានប្រើឡានដឹកទឹកដើម្បីបាញ់ទឹកទៅលើបាតុករ ដើម្បីបង្ខំឱ្យពួកគេត្រឡប់ចេញពីទីនោះវិញ។ បន្ទាប់ពីការប្រឈមមុខដាក់គ្នាមួយរយៈខ្លីត្រូវបានបញ្ចប់ ខាងប៉ូលីសបានព្យាយាមបើកការចរចាជាមួយអ្នកតំណាងរបស់ពួកគេ ហើយពួកគេផ្ទាល់ត្រូវបានគេជឿថា គឺជាឆ្មាំសម្រាប់ការពារក្រុមបាតុករបាតុករ។

    អ្នកនាំពាក្យប៉ូលីសលោក Kissana Phathanacharoen បាននិយាយថា ប៉ូលីសបានព្រមានក្រុមបាតុករកុំឱ្យបំផ្លាញរបាំងនេះ ប៉ុន្តែពួកគេមិនស្ដាប់ទើបប៉ូលីសបានធ្វើការបាញ់ទឹកចំនួន ៤ជុំ ដោយក្នុងនោះមាន ២ជុំ គឺជាទឹកធម្មតា។ លោកបាននិយាយថា នៅពេលដែលក្រុមបាតុករមិនព្រមចាកចេញ ប៉ូលីសក៏បានបន្ដប្រើកាណុងបាញ់ទឹក ដែលរួមមានទាំងឧស្ម័នបង្ហូរទឹកភ្នែកផងដែរ។
    មុននេះមេដឹកនាំបាតុកម្មក៏បានប្រកាសផែនការស្នាក់នៅមួយយប់នៅឯសភា ខណៈរង់ចាំឱ្យសភាទទួលយកការពិភាក្សាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលត្រូវបានស្នើឡើងដោយក្រុមពិភាក្សាស៊ីវិល ស្តីពីការកែទម្រង់ច្បាប់អ៉ីនធ័រណេត (iLaw) ។ វាជាសេចក្តីព្រាងមួយក្នុងចំណោមសេចក្តីព្រាងផ្លាស់ប្តូរធម្មនុញ្ញចំនួន ៧ ដែលបានដាក់ជូនសភា ដោយសេចក្តីព្រាងផ្សេងទៀតត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាល និងគណបក្សប្រឆាំង។
    នៅព្រឹកថ្ងៃអង្គារនេះសភាក៏បានចាប់ផ្តើមជជែកពិភាក្សាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ហើយសមាជិកសភាត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីបញ្ហានេះរយៈពេល ២ថ្ងៃ មុនពេលបោះឆ្នោតថាតើត្រូវទទួលយកសេចក្តីព្រាងណាមួយសម្រាប់ពិភាក្សា៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: