ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកបើករបរជាច្រើននៅក្រុងប៉េកាំង សុខចិត្តចាយលុយរ៉ាប់ម៉ឺនដុល្លាររៀបការក្លែងក្លាយ ដើម្បីទទួលបានស្លាកលេខរថយន្តមកប្រើតាមវិធីមួយនេះ

    BY autoadmin November 18, 2020
    អ្នកបើករបរជាច្រើននៅក្រុងប៉េកាំង សុខចិត្តចាយលុយរ៉ាប់ម៉ឺនដុល្លាររៀបការក្លែងក្លាយ ដើម្បីទទួលបានស្លាកលេខរថយន្តមកប្រើតាមវិធីមួយនេះ

    ចិន៖ សារព័ត៌មាន  South China Moring Post បានចុះផ្សាយនូវអត្ថបទដែលជាការរកឃើញថ្មីមួយបង្ហាញថា អ្នកបើកបរថយន្តនៅក្នុងទីក្រុងប៉េកាំងជាច្រើនបានចំណាយលុយរៀបការក្លែងក្លាយដើម្បីមានសិទ្ធទទួលបានស្លាកលេខរថយន្តដោយស្របច្បាប់។ មុននឹងឈានដល់ខ្លឹមសារសំខាន់នៃប្រធានបទខាងលើនេះ សូមបញ្ជាក់ជូនប្រិយមិត្តឲ្យដឹងថា នៅក្នុងទីក្រុងជាច្រើននៃប្រទេសចិនការស្នើសុំស្លាកលេខរថយន្តដើម្បីឲ្យរថយន្តមានភាពស្របច្បាប់ក្នុងការប្រើប្រាស់នោះមិនមែនជារឿងងាយស្រួលនោះទេ។ គោលបំណងនៃការរឹតបណ្ដឹងនេះក៏ព្រោះតែរដ្ឋាភិបាលចិនចង់កាត់បន្ថយចំនួនអ្នកប្រើប្រាស់រថយន្តឲ្យមានចំនួនតិចដែលជាផ្នែកមួយជួយទប់ស្កាត់ការបំពុលបរិស្ថាន កាត់បន្ថយផ្សែងកខ្វក់នៅក្នុងទីក្រុង និងសម្រួលដល់ការកកស្ទះចរាចរណ៍។

    តាមរបាយការណ៍បានបង្ហាញថា សម្រាប់ស្លាកលេខរថយន្តប្រើប្រាស់សាំងមួយលេខអាចមានអ្នកដាក់ពាក្យស្នើសុំរហូតដល់ទៅ ៣ ០០០ នាក់ ហើយចំពោះស្លាកលេខរថយន្តដើរដោយថាមពលអគ្គិសនីមួយវិញអ្នកដាក់ពាក្យស្នើសុំម្នាក់អាចរង់ចាំដល់រយៈពេល ៩ ឆ្នាំឯណោះទើបអាចទទួលវាបាន។

    យ៉ាងណាក្តី នៅចំពោះមុខស្ថានភាពតឹងរឹងនេះអាជ្ញាធរចិនក៏បានដាក់ចេញនូវវិធានការអនុគ្រោះមួយចំនួនផ្សេងទៀតផងដែរ ដូចការដេញថ្លៃយកស្លាកលេខ ការចាប់ឆ្នោតកាលពីឆ្នាំ ២០១១​ និងការអនុវត្តច្បាប់នៃពីការផ្ទេរកម្មសិទ្ធិពីប្តីទៅប្រពន្ធ ឬពីប្រពន្ធទៅប្តីក្រោយការលែងលះគ្នាជាដើម។ ផ្អែកទៅលើច្បាប់នៃការផ្ទេរកម្មសិទ្ធិរវាងប្តីប្រពន្ធរួមផ្សំជាមួយនឹងកត្តាអនុគ្រោះសម្រាប់មនុស្សស្រីក្នុងការដាក់ពាក្យស្នើសុំស្លាកលេខរថយន្ត វប្បធម៌នៃការរៀបការក្លែងក្លាយក៏បានកើតមានឡើង តាមរយៈក្រុមបុរសបង់ប្រាក់ក្រៅផ្លូវការមួយចំនួនដើម្បីរៀបការក្លែងក្លាយជាមួយស្រ្តីណាម្នាក់តែជាការរៀបការស្របច្បាប់ ហើយបន្ទាប់មកពួកគេក៏ធ្វើការលែងលះគ្នាវិញដោយភាគីខាងស្រីសម្រេចផ្ទេរសិទ្ធិប្រើប្រាស់ស្លាកលេខរថយន្តមួយទៅកាន់ភាគីខាងបុរស។

    ចំពោះតម្លៃនៃការរៀបការក្លែងក្លាយវិញមិនថោកនោះទេដោយជាមធ្យមសម្រាប់បុរសណាដែលចង់បានស្លាកលេខរថយន្តស៊ីសាំងគឺត្រូវចំណាយប្រាក់ចំនួន ១៦០ ០០០ យន់ ( ២៤ ៤២២ ដុល្លាអាមេរិក) និងសម្រាប់ស្លាកលេខរថយន្តដើរដោយថាមពលអគ្គិសនីមានតម្លៃ ១១០ ០០០ ( ១៦ ៧៩២ ដុល្លារអាមេរិក) ទៅកាន់ភ្នាក់ងាររៀបចំសេវាកម្មមួយនេះ ខណៈដែលគេមិនបានដឹងច្បាស់ថាភាគីខាងស្រីដែលជាតួអង្គសំខាន់នៅក្នុងទីផ្សារងងឹតមួយនេះនឹងទទួលបានប្រាក់ប៉ុន្មាននោះទេ។ បន្ទាប់ពីបែកធ្លាយរឿងរ៉ាវខាងលើនេះភ្លាមអាជ្ញាធរចិនបានបើកការស៊ើបអង្កេតនិងឈានទៅឃាត់មនុស្សចំនួន ១៦៦ នាក់ ដែលជាប់ពាក់ព័ន្ធក្នុងទីផ្សារងងឹតមួយនេះ ហើយក្នុងនោះមានស្រ្តីចំនួន ១២៤ នាក់ដែលជាអ្នកស៊ីឈ្មួលរៀបការក្លែងក្លាយ។ ក្នុងចំណោមក្រុមស្ត្រីទាំង ១២៤ នាក់នោះទៀតសោធ អាជ្ញាធរបានរកឃើញថា មានស្រ្តីអាយុ ២៦ ឆ្នាំម្នាក់បានរៀបការនិងលែងលះគ្នាចំនួន ២៨ដង ចាប់តាំងពីឆ្នាំ ២០១៨ មក ហើយនាងបានធ្វើការផ្ទេរស្លាកលេខរថយន្តដោយជោគជ័យចំនួន ២៣ ដងផងដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖ South China Moring Post

    Share This Post: