សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពនៅអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់ មកនៅត្រឹម ២,៥០០នាក់ នៅពាក់កណ្តាលខែមករា
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអាមេរិកនិយាយថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពនៅអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់មកនៅត្រឹមប្រមាណ ២ ៥០០នាក់ នៅពាក់កណ្តាលខែមករា។ រដ្ឋមន្រ្តីការពារជាតិស្តីទីលោក Christopher Miller បាននិយាយកាលពីថ្ងៃអង្គារថា ការផ្លាស់ប្តូរនេះនឹងអនុវត្តតាមបទបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការផ្លាស់ប្តូរកងកម្លាំងអាមេរិកនៅក្នុងប្រទេសទាំងពីរ។ លោក Miller បាននិយាយថា ការកាត់បន្ថយចំនួនកងទ័ពនឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែមករា។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា ទាហានអាមេរិកប្រហែល ៤ ៥០០ នាក់ ស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និង ៣ ០០០ នាក់នៅក្នុងប្រទេសអ៉ីរ៉ាក់។ ជម្រាបដែរថាលោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយម្តងហើយម្តងទៀតថា លោកនឹងនាំទាហានអាមេរិកពីបរទេសមកចូលស្រុកវិញ។
កាលពីសប្តាហ៍មុនលោក Christopher Miller ក៏បានជំនួសអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper ដែលលោក ដូណាល់ ត្រាំ ទើបតែដកចេញថ្មីៗនេះ។ តាមរបាយការណ៍ត្រូវបានគេរាយការណ៍ថា លោក Mark Esper បានប្រឆាំងនឹងការដកទ័ពរបស់សហរដ្ឋអាមេរិក ដោយសារតែគាត់ជឿជាក់ថា វាអាចនាំឱ្យមានអស្ថិរភាពក្នុងតំបន់ និងរំខានដល់កិច្ចប្រឹងប្រែងសន្តិភាព។ ចំណែកក្រុមបក្សសាធារណរដ្ឋខ្លះក៏ប្រឆាំងនឹងការដកទ័ពនេះផងដែរ ដែលពួកគេនិយាយថា វាអាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK