សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចាប់ពីដើមខែកក្កដាទៅតម្លៃប្រេងសាំងនឹងចុះថ្លៃ
នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឯមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។
ក្នុងឱកាសនោះ សម្តេចតេជោក៏បានប្រកាសដាក់ចេញនូវការបញ្ចុះតម្លៃប្រេងនៅក្នុងប្រទេសកម្ពុជា ដែលកន្លងទៅ រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជិត ៨៣លានដុល្លារ ដោយស្ងាត់ស្ងៀម ដើម្បីរក្សាស្ថិរភាពតម្លៃប្រេងអោយនៅចុះថ្លៃជូនបងប្អូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលនឹងចំណាយថវិកាប្រមាណជាង៣០លានដុល្លារ ដើម្បីបញ្ចុះថ្លៃជូនបងប្អូនប្រជាពលរដ្ឋ គឺរដ្ឋចូលរួម (២សេន) ហើយវិស័យឯកជននឹងចូលរួម ២សេនទៀត ដែលជាលទ្ធផលតម្លៃប្រេងសាំងនឹងចុះតម្លៃចំនួន ៤សេន (១៦០៛) ក្នុងមួយលីត្រ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យក្រសួងពាណិជ្ជកម្មពិនិត្យតាមដាន និងអនុវត្តនូវការបញ្ចុះតម្លៃនេះអោយបានត្រឹមត្រូវហ្មត់ចត់ចាប់ពី ទី០១ ខែកក្ដដា ឆ្នាំ២០១៨ តទៅ៕

អត្ថបទ៖ សេម