ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទាបា្លសិ្ទកបញ្ចូលខ្យល់ដែលគេច្រើនតែប្រើប្រាស់ក្នុងអាងហែលទឹក ពេលនេះបានក្លាយជានិមិត្តរូបថ្មីមួយសម្រាប់ហ្វូងបាតុករថៃ

    BY autoadmin November 20, 2020
    ទាបា្លសិ្ទកបញ្ចូលខ្យល់ដែលគេច្រើនតែប្រើប្រាស់ក្នុងអាងហែលទឹក ពេលនេះបានក្លាយជានិមិត្តរូបថ្មីមួយសម្រាប់ហ្វូងបាតុករថៃ

    ថៃ៖ ទាបា្លសិ្ទកពណ៌លឿងដែលអាចបញ្ចូលខ្យល់ទៅខាងក្នុង ដែលគេប្រើប្រាស់ក្នុងអាងហែលទឹកនោះ ត្រូវបានក្រុមបាតុករថៃយកទៅប្រើប្រាស់ព្រោងព្រាតនៅកន្លែងធ្វើបាតុកម្ម កណ្តាលទីក្រុងបាងកក ក្នុងរយៈពេលប៉ុន្មានថៃ្ងចុងក្រោយនេះ។  គេនៅចាំបានថា ដើមហេតុដែលជំរុញឲ្យមានវត្តមានទាប្លាស្ទីកនៅកន្លែងធ្វើបាតុកម្មនោះ គឺដោយសារតែកាលពីថ្ងៃទី១៨ កន្លងទៅនេះ ប៉ូលិសថៃបានបាញ់ទឹកនិងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកយ៉ាងចាស់ដៃដើម្បីបំបែកហ្វូងបាតុករ។ ដូច្នេះដើម្បីទប់ទល់នឹងក្បួនបំបែកនេះ ក្រុមបាតុករបានយកទាប្លាស្ទីកមកបាំងការពារខ្លួនពីកម្លាំងទឹក និងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។

    និន្នាការនៃការប្រើប្រាស់ទាប្លាស្ទីកនៅក្នុងចំណោមហ្វូងបាតុករបានកើតមានច្រើនឡើងៗ រហូតវាបានក្លាយជានិមិត្តរូបថ្មីក្នុងចលនាតវ៉ា ដោយមានអ្នកខ្លះថែមទាំងហៅសកម្មភាពនេះថាជា «បដិវត្តទាបាស្ទីក»  ខណៈក្រុមបាតុករខ្លះបានសរសេរអក្សរដែលមានខ្លឹមសារថា៖ «ប្រសិនបើអ្នកនយោបាយល្អ ទាប្លាស្ទីកគឺសម្រាប់ប្រើប្រាស់តែក្នុងអាងទឹកប៉ុណ្ណោះ»។

    បើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃទាប្លាស្ទីកមួយមានតម្លៃ ៤៩៩ បាត (១៦ ដុល្លារអាមេរិក) ងាយស្រួលរកតាមផ្សារទូទៅ និងថែមទាំងមានដាក់លក់តាម Online យ៉ាងច្រើនផងដែរ។ សូមបញ្ជាក់ថា ការប្រើប្រាស់ទាប្លាស្ទីកនៅក្នុងចលនាធ្វើបាតុកម្មនេះ មិនមែនទើបតែកើតមានឡើងនៅក្នុងប្រទេសថៃនោះទេ ដោយនាពេលកន្លងមកហ្វូងបាតុករប្រេស៊ីល រុស្សី ហុងកុង ក៏ធ្លាប់យកទាជ័រមប្រើប្រាស់ក្នុងគោលបំណងដូចគ្នានេះផងដែរ។

    សូមរម្លឹកជូនផងដែរថា បាតុករថៃបាននាំគ្នាធ្វើការទាមទារឲ្យមានការធ្វើវិសោធនកម្មលើច្បាប់រដ្ឋធម្មនុញ្ញច្រើនចំណុច ដែលអាចឈានទៅសម្រេចនូវគោលបំណងធំៗចំនួន ៣ គឺ ធ្វើកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រថៃ ទម្លាក់លោកនាយករដ្ឋមន្ត្រីបច្ចុប្បន្នចេញពីតំណែង និងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖​ Channel News Asia 

     

     

    Share This Post: