សម្លាប់បាក់តេរីអាក្រក់ក្នុងមាត់ ព្រមទាំងបំបាត់ក្លិនខ្យល់ដង្ហើមមិនល្អ ជាមួយនឹងវិធីងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ទាំង ៧ នេះ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីវិធីងាយៗបែបធម្មជាតិ ដើម្បីកម្ចាត់ក្លិនខ្យល់ដង្ហើមមិនល្អដោយមិនចាំបាច់ចំណាយពេលយូរ ឬថវិការអស់ច្រើន ៖
១. ប្រើប្រាស់ទឹកខ្ពុរមាត់បែបធម្មជាតិ ៖ ស្លឹកជីអង្កាមជួយប្រយុទ្ធប្រឆាំងនឹងខ្យល់ដង្ហើមមិនល្អ ហើយថែមទាំងធ្វើឲ្យក្នុងមាត់មានភាពស្រស់ថ្លាទៀតផង។ គ្រឿងទេសដែលមានរសជាតិហឹរ ឬក្លិនប្រហើរដូចជា ផ្កាក្លាំងពូ ដើមក្រវាញ និងគ្រាប់ជីអង្កាម គឺសុទ្ធតែមានប្រសិទ្ធិភាពប្រសើរបំផុតក្នុងការប្រយុទ្ធប្រឆាំងក្លិនខ្យល់ដង្ហើមមិនល្អ។ ម្ស៉ៅ baking soda អាចប្រើជាផលិតផលបែបធម្មជាតិដើម្បីសម្អាតក្នុងមាត់ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លាបាន។ អ្វីដែលអ្នកត្រូវធ្វើ កឺគ្រាន់តែលាយម្ស៉ៅ baking soda ចំនួន ១ ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១ ពែង កូរឲ្យសព្វ ហើយខ្ពុរសម្អាតមាត់របស់អ្នកជាមួយនឹងទឹកល្បាយនេះ។ អ្នកក៏អាចប្រើប្រាស់ម្ស៉ៅ baking soda ដើម្បីដុសសម្អាតធ្មេញបានផងដែរ។ តែស្លឹក fenugreek ក៏មានប្រសិទ្ធិភាពខ្ពស់ប្រយុទ្ធប្រឆាំងនឹងបាក់តេរីដែលបង្កឲ្យមានក្លិនមាត់ផងដែរ។

២. ទទួលទានទឹកធម្មតាឲ្យបានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំ ៖ ទឹកមាត់ទប់ស្កាត់ការលូតលាស់នៃបាក់តេរី ហើយទឹក គឺត្រូវការជាចាំបាច់ដើម្បីរក្សាក្រពេញទឹកមាត់ឲ្យដំណើរការយ៉ាងមានប្រសិទ្ធិភាព។ ការទទួលទានទឹក គឺសំខាន់បំផុតនៅពេលនិយាយដល់ការការពារការរីកលូតលាស់នៃពពួកបាក់តេរី ក៏ដូចជាខ្យល់ដង្ហើមអាក្រក់ដែលបណ្តាលមកពីបញ្ហានៃកង្វះជាតិសំណើម និងទឹកមាត់នៅក្នុងមាត់។ ព្យាយាមជៀសវាងការទទួលទានភេសជ្ជៈដែលផ្ទុកជាតិស្ករនៅពេលយប់ ក៏ព្រោះភេសជ្ជៈប្រភេទនេះជួយដល់ការលូតលាស់នៃបាក់តេរី។

៣. ប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកទទួលទាន ៖ អាហារមួយចំនួនអាចបង្កឲ្យកើតមានក្លិនខ្យល់ដង្ហើមមិនល្អ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរតែជៀសវាងទទួលទានអាហារទាំងនោះ។ ខ្ទឹមបារាំង និងខ្ទឹមស គឺជាប្រភេទនៃអាហារដែលងាយនឹងធ្វើឲ្យខ្យល់ដង្ហើមប្រែជាមានក្លិនអាក្រក់បំផុត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរឈប់ទទួលទានខ្ទឹមបារាំងទាំងស្រុងតែម្ដងឡើយ ក៏ព្រោះយោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការទទួលទានខ្ទឹមបារាំងក្នុងកម្រិតមធ្យមជួយសម្លាប់នូវបាក់តេរី ៤ ប្រភេទដែលបណ្ដាលឲ្យធ្មេញពុក និងជំងឺអញ្ចាញផ្សេងៗ។ អ្នកក៏គួរតែកាត់បន្ថយ ឬបញ្ឈប់ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករ fructose ឬជាតិអាស៊ីត acidic ខណៈដែលសារជាតិទាំងនេះជម្រុញដល់ការរីកលូតលាស់នៃបាក់តេរី។ ប្រសិនបើអ្នកឃ្លាន ចូរព្យាយាមទទួលទានផ្លែប៉ោម ឬយ៉ាអ៊ួរជំនួសវិញ។ ផ្លែប៉ោមមានផ្ទុកជាតិ heteropolysaccharide pectin ដែលជួយជម្រុញដល់ការផលិតទឹកមាត់ ខណៈដែលសារធាតុសកម្មក្នុងទឹកដោះគោជូរ ឬយ៉ាអ៊ួរជួយកាត់បន្ថយបាក់តេរីក្នុងមាត់។

៤. កោសអណ្ដាត ៖ អណ្ដាតរបស់អាចប្រែជាកន្លែងចិញ្ចឹមបាក់តេរីនៃក្លិនអាក្រក់។ ដូច្នេះបន្ទាប់ពីដុសសម្អាតធ្មេញរួច ចូរកុំភ្លេចប្រើប្រាស់ច្រាសដុសធ្មេញកោសសម្អាតលើអណ្ដាតផង។

៥. ដុសសម្អាតធ្មេញឲ្យបាន ២ ដងក្នុងមួយថ្ងៃ និងប្រើប្រាស់ខ្សែរ៉ូតសម្អាតម្ដង ៖ ដុសសម្អាតធ្មេញសម្រាប់រយៈពេល ២ នាទី ឲ្យបាន ២ ដងក្នុងមួយថ្ងៃ និងកុំភ្លេចប្រើខ្សែរ៉ូតសម្អាតធ្មេញឲ្យបានយ៉ាងហោចណាស់ម្ដងផង។ ការដុសសម្អាត និងរ៉ូតសម្អាតតាមចន្លោះធ្មេញជួយកម្ចាត់កំទេចកំទីអាហារជាប់ធ្មេញ ក៏ដូចជាបំបាត់ក្លិនអាក្រក់ពីក្នុងមាត់ផងដែរ។

៦. រក្សាអញ្ចាញធ្មេញឲ្យមានសុខភាពល្អ ៖ ការប្រមូលផ្ដុំបាក់តេរីនៅគល់ ឬជើងធ្មេញបង្កើតឲ្យមានក្លិនអាក្រក់ក្នុងមាត់។ ជំងឺអញ្ចាញផ្សេងៗក៏ជាមូលចំបងដែលបណ្ដាលឲ្យមានក្លិនខ្យល់ដង្ហើមមិនល្អផងដែរ។ ដើម្បីរក្សាអញ្ចាញឲ្យមានសុខភាពល្អ ចូរជ្រើសរើសប្រើប្រាស់ថ្នាំដុសធ្មេញមានផ្ទុកសារជាតិហ្ល័រអ័រ៉ាយ
(fluoride) និងព្យាយាមឈប់ជក់បារី។

៧. ទំពារសំបកផ្លែក្រូច ៖ លាងសម្អាតសំបកផ្លែក្រូចណាមួយដូចជា ក្រូចឆ្មារ ឬក្រូចលឿង បន្ទាប់មកកាត់វាជាចំនិតតូចៗ ហើយទំពារក្នុងមាត់។ វិធីនេះមិនត្រឹមតែជួយធ្វើឲ្យក្លិនខ្យល់ដង្ហើមប្រែជាស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែជាតិអាស៊ីតក្នុងសំបកក្រូចក៏នឹងជួយជម្រុញក្រពេញទឹកមាត់ឲ្យធ្វើការផលិតទឹកមាត់បានកាន់តែច្រើនដែលការពារប្រឆាំងនឹងក្លិនខ្យល់ដង្ហើមមិនល្អ ក៏ដូចជាបញ្ហាពុកធ្មេញ៕

អត្ថបទ ៖ ប៊ី
ប្រភព ៖ Brightside