អង្គការសុខភាពពិភពលោកបដិសេធជាដាច់ខាតចំពោះការប្រើថ្នាំ Remdesivir សម្រាប់អ្នកជំងឺកូវីដ១៩ ដែលសម្រាកនៅឯមន្ទីរពេទ្យ
អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃសុក្រនេះថា Remdesivir របស់ក្រុមហ៊ុនឱសថ Gilead គឺមិនត្រូវបានណែនាំសម្រាប់អ្នកជំងឺ COVID-19 ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះទេ។ តាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោកបាននិយាយថា៖«គណៈកម្មាការបានរកឃើញកង្វះភស្តុតាងដែលថា Remdesivir ធ្វើឱ្យមានភាពប្រសើរឡើងចំពោះអ្នកជំងឺ COVID-19 ដូចជាការកាត់បន្ថយអត្រាមរណភាព តម្រូវការជំនួយដង្ហើម ពេលវេលាព្យាបាល និងបញ្ហាផ្សេងៗទៀត»។

ដំបូន្មាននេះគឺជាការឆ្លើយតបថ្មីមួយទៀតសម្រាប់ Remdesivir ដែលធ្លាប់បានទាក់ទាញការចាប់អារម្មណ៍ពីទូទាំងពិភពលោកថា ជាថ្នាំព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺ COVID-19 កាលពីរដូវក្តៅកន្លងទៅ បន្ទាប់ពីការសាកល្បងដំបូងបានបង្ហាញលទ្ធផលមួយចំនួន។ នៅចុងខែតុលា Gilead បានកាត់បន្ថយការព្យាករណ៍ប្រាក់ចំណូលឆ្នាំ២០២០របស់ខ្លួន ដោយលើកឡើងពីតម្រូវការ និងការលំបាកនៅក្នុងការលក់សារឡើងវិញ។
ថ្នាំប្រឆាំងវីរុសមួយនេះគឺជាថ្នាំមួយក្នុងចំនោមថ្នាំ ២ ដែលបច្ចុប្បន្នត្រូវបានអនុញ្ញាតឱ្យព្យាបាលអ្នកជំងឺ COVID-19 នៅទូទាំងពិភពលោក ប៉ុន្តែការសាកល្បងដ៏ធំមួយដែលដឹកនាំដោយអង្គការសុខភាពពិភពលោកហៅថា «Solidarity Trial» បានបង្ហាញកាលពីខែមុនថា វាមានលទ្ធផលតិចតួច ឬគ្មានទាល់តែសោះលើអត្រាការស្លាប់ ឬកាត់បន្ថយរយៈពេលការព្យាបាលនៅមន្ទីរពេទ្យ នៅក្នុងការសាកល្បងរយៈពេល ២៨ថ្ងៃ របស់ខ្លួន។
ថ្នាំនេះគឺជាថ្នាំមួយក្នុងចំនោមថ្នាំដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺ COVID-19 របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយត្រូវបានបង្ហាញនៅក្នុងការសិក្សាមុនៗថាបានកាត់បន្ថយពេលវេលាដើម្បីជាសះស្បើយឡើងវិញ។ វាត្រូវបានផ្តល់ការអនុញ្ញាត ឬយល់ព្រម សម្រាប់ការប្រើប្រាស់ជាការព្យាបាលជំងឺ COVID-19 នៅក្នុងប្រទេសជាង ៥០ ទូទាំងពិភពលោក។ ប៉ុន្តែយ៉ាងណាក្រុមហ៊ុន Gilead ក៏នៅតែមានសំណួរចំពោះការសាកល្បង «Solidarity Trial» របស់អង្គការសុខភាពពិភពលោកផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ