ដោយសារតម្លៃម្នាស់ធ្លាក់ចុះខ្លាំងពេក កសិករថៃនាំគ្នាធ្វើបែបនេះតែម្តង
ថៃ៖ ដោយសារតែតម្លៃផ្លែម្នាស់ធ្លាក់ចុះខ្លាំងពេក កសិករថៃជាប្តីប្រពន្ធមួយគូបានសម្រេចចិត្តនាំយកផ្នែម្នាស់ពីចំការរបស់គាត់ទៅឲ្យសត្វស៊ីទាំងអស់ ព្រោះពួកគាត់មិនចង់ឃើញម្នាស់ទាំងនោះទុំរលួយចោលនៅក្នុងចំការរបស់គាត់។ កសិករជាប្តី ដែលបានធ្វើរឿងដ៏គួរឲ្យចាប់អារម្មណ៍នេះមានឈ្មោះថា Sornkhiri Buajaeng និងប្រពន្ធរបស់គាត់មានឈ្មោះថា Sunaree Meemak រស់នៅ និងមានចំការម្នាស់នៅក្នុងស្រុក Ban Kha district ខេត្ត Ratchaburi ភាគខាងលិចប្រទេសថៃ។
កាលពីថ្ងៃសុក្រកន្លងទៅនេះ ពួកគាត់បានយកផ្លែម្នាស់ចំនួន ១ តោន ទៅបរិច្ចាគឲ្យមជ្ឈមណ្ឌលចិញ្ចឹមសត្វ ព្រៃ Prathab Chang ក្នុងស្រុក Chom Bung ដើម្បីធ្វើជាចំណីសត្វ។ សកម្មភាពនេះបានធ្វើឲ្យកសិករផ្សេងទៀតចាប់អារម្មណ៍ និងចង់ធ្វើការបរិច្ចាគដូចនេះដែរ ព្រោះពួកគាត់សុទ្ធតែមានបញ្ហាលក់ម្នាស់របស់ពួគគាត់មិនចេញដូចគ្នា។
សូមបញ្ជាក់ថា ត្រឹមរយៈពេល ៥ ខែដំបូងនេះ តម្លៃរបស់ផ្លែម្នាស់នៅក្នុងប្រទេសថៃបានធ្លាក់ចុះពី ៦,២៩ បាត (០,១៩ ដុល្លារ) មកសល់ត្រឹម ៣,១៤ បាត(០,០៩៥ ដុល្លារ) ក្នុងមួយគីឡូក្រាម ហើយបើធៀបទៅនឹងតម្លៃកាលពីឆ្នាំមុនគឺគេអាចលក់វាបានរហូតដល់ទៅ ១២,២៨ បាត (០,៣៧ ដុល្លារ) បាទឯណោះក្នុងមួយគីឡូក្រាម។ ការធ្លាក់ចុះរបស់តម្លៃម្នាស់បានប៉ះពាល់ដល់ប្រជាកសិករថៃប្រមានជា ៤០ ០០០ គ្រួសារ នៅក្នុងខេត្តចំនួន ៤៦ ដែលកសិករទាំងអស់អាចដាំម្នាស់សរុបបានចំនួន ២,៥ តោនក្នុងមួយឆ្នាំៗ៕
អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost