ស្ដាយជំនួស! បុរសដែលរើសបានអាចម៌ផ្កាយតម្លៃជិត ២ លានដុល្លារកាលពីថ្ងៃមុន ចាញ់បោកឈ្មួញលក់ទៅវិញបានត្រឹមតម្លៃ…
ឥណ្ឌូនេស៊ី៖ កាលពីប៉ុន្មានថ្ងៃមុននេះអង្គភាពខ្មែណូតបានចុះផ្សាយនូវអត្ថបទមួយដែលបង្ហាញអំពីបុរសកំពូលសំណាងម្នាក់អាចក្លាយខ្លួនជាសេដ្ឋីមួយប៉ប្រិចភ្នែកបន្ទាប់ពីរូបគាត់រើសបានអាចម៌ផ្កាយកម្រមួយដុំមានតម្លៃជិត ២ លានដុល្លារអាមេរិក។ យ៉ាងណាក្តី ពេលនេះឱកាសក្លាយជាសេដ្ឋីនោះបានរលាយបាត់ទៅហើយ បន្ទាប់ពីម្ចាស់អាចម៌មួយរូបនេះបានលក់វាក្នុងតម្លៃត្រឹមតែជាង ១ ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។ គួររម្លឹកជូនថា ប៉ុន្មានថ្ងៃមុននេះមានអាចម៌ផ្កាយមួយដុំទម្ងន់ជាង ២,២ គីឡូក្រាមបានធ្លាក់មកចំដំបូលផ្ទះរបស់លោក Josua Hutagalung អាយុ ៣៤ ឆ្នាំ ដែលកំពុងរស់នៅលើកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូនេស៊ី។

តាមការវាយតម្លៃរបស់ក្រុមអ្នកជំនាញផ្នែកអាចម៌ផ្កាយបានឲ្យដឹងថា អាចម៌ផ្កាយមួយដុំនោះអាចមានតម្លៃរហូតដល់ ៧,៦ លានរីងហ្គីត (ជាង ១,៨ លានដុល្លារអាមេរិក) ព្រោះតែវាជាប្រភេទអាចម៌ផ្កាយកម្រដែលមានអាយុកាលរាប់ពាន់លានឆ្នាំ។ យ៉ាងណាក្តី ព្រោះតែមិនស្គាល់ពីប្រភេទអាចម៌ផ្កាយច្បាស់លាស់និងមិនបានដឹងពីតម្លៃរបស់វានោះ លោក Josua Hutagalung បានឲ្យដឹងថា គាត់បានលក់អាចម៌ផ្កាយនោះឲ្យទៅឈ្មួញម្នាក់បានទៅហើយក្នុងតម្លៃត្រឹមតែ ៥៧ ៦៦០ រីងហ្គីត (១៤ ០៩០ ដុល្លារអាមេរិក) ប៉ុណ្ណោះ។ លោក Josua Hutagalung បានឲ្យដឹងថា គាត់ពិតជាសោកស្តាយមែនទែនដែលបានចាញ់បោកឈ្មួញបញ្ចុះបញ្ចូលនិងបានលក់វាក្នុងតម្លៃថោកដូចនេះ៕






អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz