វិធីសាស្ត្រងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាសម្រស់ផ្ទៃមុខផ្សេងៗ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីគន្លឹះងាយៗមួយចំនួនដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកើតមានលើស្បែកមុខបានយ៉ាងឆាប់រហ័ស និងមិនចាំបាច់ត្រូវចំណាយថវិកាអស់ច្រើន ៖
១. ស្នាមជ្រីវជ្រួញ ៖ អ្វីដែលអ្នកត្រូវការ គឺផ្លែចេក និងទឹកឃ្មុំ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែចេកម៉ត់ខាប់ៗ ហើយលាយទឹកឃ្មុំចំនួន ១ ស្លាបព្រាកាហ្វេចូល។ អ្នកក៏អាចបន្ថែមទឹកដោះគោជូរ ឬទឹកក្រូចស្រស់បានផងដែរ។ លាបល្បាយលើផ្ទៃមុខ និងទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី។បន្ទាប់មកសឹមលាងសម្អាតមុខចេញជាមួយទឹកធម្មតា និងកុំភ្លេចលាបគ្រីមផ្ដល់សំណើម។

២. ការរោលរលាក ៖ ថ្នាំដុសធ្មេញ គឺមានប្រសិទ្ធិភាពអាចបំបាត់ការរលាក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅមុនពេលប្រើប្រាស់ថ្នាំដុសធ្មេញលាបលើស្បែកដើម្បីបំបាត់ការរោលរលាក អ្នកត្រូវប្រាកដសិនថាថ្នាំដុសធ្មេញប្រភេទណាមួយនោះមិនប្រតិកម្មជាមួយនឹងស្បែកមុខរបស់អ្នក។ ដូច្នេះចូរធ្វើការពិសោធន៍មុននឹងប្រើប្រាស់ដោយលាបថ្នាំដុសធ្មេញមួយចំនួនលើស្បែកដែលមិនរលាក ហើយរងចាំបន្តិចសិនថាតើស្បែករបស់អ្នកប្រតិកម្មជាមួយវាឬអត់។ អ្នកអាចប្រើប្រាស់រូបមន្តបំបាត់ការរលាកនេះបាន ប្រសិនបើគ្មានប្រតិកម្មអវិជ្ជមានណាមួយកើតឡើង។

៣. មុន ៖ ប្រើប្រាស់ដំឡូងបារាំងដើម្បីកម្ចាត់មុន។ អ្វីដែលអ្នកត្រូវធ្វើ គឺលាបទឹកដំឡូងបារាំងស្រស់លើមុន និងទុកចោលរហូតដល់ស្ងួតសិន សឹមលាងសម្អាតចេញដោយប្រើទឹកស្អាតធម្មតា។

៤. ស្បែកស្ងួត ៖ ផ្លែបឺរ គឺមានលក្ខណៈសម្បត្តិល្អប្រសើរបំផុតដើម្បីដោះស្រាយបញ្ហាស្បែកមុខស្ងួត។ អ្វីដែលអ្នកត្រូវធ្វើ គឺកាត់យកសាច់នៃផ្លែបឺរទៅកិនឲ្យម៉ត់ក្លាយជាគ្រីម។ លាបវាពេញលើស្បែកមុខរបស់អ្នក និងទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញ។

៥. ស្បែកខ្លាញ់ ៖ ដើម្បីដោះស្រាយបញ្ហាស្បែកមុខខ្លាញ់ អ្វីដែលអ្នកត្រូវការ គឺផ្លែប៉េងបោះ ១ផ្លែ និងស្ករស ១ ស្លាបព្រាកាហ្វេ។ លាយសាច់ប៉េងបោះជាមួយនឹងស្ករស ហើយលាបល្បាយលើស្បែកមុខរបស់អ្នកថ្នមៗក្នុងចលនាបែបរង្វង់យឺតៗ។ ទុកចោលសម្រាប់រយៈពេលប្រហែលជា ៥ នាទីសិន សឹមលាងសម្អាតចេញជាមួយនឹងទឹកក្ដៅឧណ្ហៗ។

៦. រោមចិញ្ចើមស្ដើង ៖ ប្រើប្រាស់ទឹកដោះគោស្រស់ដើម្បីធ្វើរោមចិញ្ចើមក្រាស់ជាងមុន។ ប្រើប្រាស់សំឡីជ្រលក់ក្នុងទឹកដោះគោស្រស់ ហើយលាបវាថ្នមៗលើរោមចិញ្ចើមរបស់អ្នក។ ទុកចោលសម្រាប់រយៈពេល ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយនឹងទឹកស្អាតធម្មតា។

៧. រន្ធញើសធំ ៖ អ្នកអាចប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមដើម្បីកាត់បន្ធយរន្ធញើសលើផ្ទៃមុខ។ លាយទឹកខ្មេះផ្លែប៉ោមជាមួយនឹងទឹកធម្មតាក្នុងបរិមាណស្មើគ្នា។ កូរឲ្យសព្វសឹមលាបលើស្បែកមុខ ហើយទុកចោលសម្រាប់រយៈពេល ៥ នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។ កុំភ្លេចលាបគ្រីមផ្ដល់សំណើម។

៨. ចង្កាធ្លាក់ ៖ លំហាត់ប្រាណដ៏ងាយបំផុតមួយដើម្បីដោះស្រាយបញ្ហាសាច់ចង្កាធ្លាក់ គឺការទំពារស្ករកៅស៊ូ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចំណាយពេលខ្លះទំពារស្ករកៅស៊ូជាការស្រេច។ វិធីនេះមិនត្រឹមតែជួយពង្រឹងសាច់ដុំចង្កាប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឲ្យមានភាពសកម្មផងដែរ។

៩. ស្នាមរង្វង់ខ្មៅក្រោមភ្នែក ៖ ប្រេងអាល់មុន គឺមានប្រសិទ្ធិភាពល្អប្រសើរបំផុតដើម្បីកម្ចាត់ស្នាមរង្វង់ខ្មៅក្រោមភ្នែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងនេះប៉ុន្មានដំណក់លើតំបន់ដែលមានបញ្ហាក្នុងចលនាម៉ាស្សាថ្នមៗនៅមុនពេលចូលគេង។ ទុកចោលសម្រាប់រយៈពេលពេញ ១យប់ សឹមលាងសម្អាតចេញនៅព្រឹកបន្ទាប់ជាមួយនឹងទឹកត្រជាក់។

១០. រោមលើផ្ទៃមុខ ៖ ដើម្បីកម្ចាត់រោមលើមុខ អ្វីដែលអ្នកត្រូវធ្វើ គឺលាយបញ្ចូលគ្នារវាងផ្នែកពណ៌សនៃស៊ុត ១ គ្រាប់ ជាមួយម្ស៉ៅពោត កន្លះស្លាបព្រាបាយនិងស្ករស ១ ស្លាបព្រាបាយ។ កូរឲ្យសព្វក្លាយជាល្បាយខាប់ៗសិន សឹមលាបលើរោមដែលចង់កម្ចាត់ ហើយទុកចោលសម្រាប់រយៈពេលប្រហែលជា ៥នាទី ឬរហូតដល់ស្ងួត សឹមបកចេញថ្នមៗ ប៉ុន្តែលឿន៕

អត្ថបទ ៖ ប៊ី
ប្រភព ៖ Brightside