ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យូនីសេហ្វនឹងបញ្ជូនវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជិត ២ ពាន់លានដូស ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំក្រោយ

    BY autoadmin November 23, 2020
    យូនីសេហ្វនឹងបញ្ជូនវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជិត ២ ពាន់លានដូស ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំក្រោយ

    ទីភ្នាក់ងារការពារកុមាររបស់អង្គការសហប្រជាជាតិ «យូនីសេហ្វ» កាលពីថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា បាននិយាយថា វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ជិត ២ ពាន់លានដូស នឹងត្រូវបានដឹកតាមផ្លូវទឹក និងផ្លូវអាកាស ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំក្រោយ នៅក្នុងប្រតិបត្តិការដ៏ធំសម្បើមមួយ ខណៈមេដឹកនាំពិភពលោកបានសន្យាថា នឹងធ្វើឱ្យការចែកចាយវ៉ាក់សាំងមានភាពស្មើគ្នា។ យូនីសេហ្វបាននិយាយថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនដឹកជញ្ចូនជាង ៣៥០ ក្នុងការចែកចាយវ៉ាក់សាំង និងស៊ឺរាំងចំនួន ១ពាន់លាន ដល់ប្រទេសក្រីក្រដូចជា៖ ប៊ូរុនឌី អាហ្វហ្គានីស្ថាន និងយេម៉ែន ដែលជាផ្នែកមួយនៃកម្មវិធី COVAX ផ្ដួចផ្ដើមដោយអង្គការសុខភាពពិភពលោក។

    លោក Etleva Kadilli ប្រធានផ្នែកផ្គត់ផ្គង់របស់យូនីសេហ្វបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កិច្ចសហការដែលមិនអាចកាត់ថ្លៃបាននេះនឹងមានដំណើរការវែងឆ្ងាយ ដើម្បីធានាបាននូវសមត្ថភាពដឹកជញ្ជូនគ្រប់គ្រាន់ សម្រាប់ប្រតិបត្តិការជាប្រវត្តិសាស្ត្រ និងធំសម្បើមនេះ»។ កម្មវិធី COVAX ដឹកនាំដោយក្រុមវ៉ាក់សាំង GAVI ដែលជាភាពជាដៃគូរវាងអង្គការសុខភាពពិភពលោក និងសម្ព័ន្ធភាព សម្រាប់ការត្រៀមបង្ការការរីករាលដាលនៃជំងឺរាតត្បាត មានគោលបំណងរារាំងរដ្ឋាភិបាលនានាកុំឱ្យប្រមូលទិញវ៉ាក់សាំងទុកម្នាក់ឯង និងផ្តោតលើការចាក់វ៉ាក់សាំងនៅក្នុងប្រទេសដែលមានហានិភ័យខ្ពស់វិញ។

    បើយោងតាមអង្គការសុខភាពពិភពលោក សូម្បីតែមុនពេលមានការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ការចាក់វ៉ាក់សាំងគឺមិនមានភាពស្មើគ្នានោះទេ ដោយទារកប្រហែល ២០ លាននាក់ មិនអាចទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ដែលអាចជួយសង្រ្គោះពួកគេពីជំងឺធ្ងន់ធ្ងរ ការស្លាប់ ពិការ និងសុខភាពល្អនោះឡើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: