ខឹងអ្នកជិតខាងយប់ព្រលប់ច្រៀងខារ៉ាអូខេឡូឡាតម្លង់ខ្លាំងពេក បុរសម្នាក់ដុតហើយគប់ដបសាំងចូលផ្ទះអ្នកជិតខាងនោះតែម្តង
វៀតណាម៖ បុរសវៀតណាមម្នាក់បានច្រកសាំងចូលដបជាច្រើនដប ហើយដុតគប់ចូលផ្ទះអ្នកជិតខាង បង្កឲ្យមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងយប់ ព្រោះតែគាត់ខឹងនឹងអ្នកជិតខាងនោះច្រៀងខារ៉ាអូខេឮៗរំខានគាត់ខ្លាំងពេក។ បើតាមសារព័ត៌មាន Tuoitre News បានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនៅម៉ោង ១១ និង ៣០ នាទីយប់ កាលពីថ្ងៃសៅរ៍ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ តាមសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលមានការគប់គ្រាប់បែកសាំងបុរសជាអ្នកបង្កហេតុបានសម្តែងនូវការមិនពេញចិត្តជាខ្លាំងចំពោះសំឡេងច្រៀងឡូឡារបស់ក្រុមអ្នកជិតខាង ហើយគាត់ក៏បានស្រែកឲ្យគេឈប់ច្រៀងជាច្រើនដងដែរ តែគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍សោះ។

ដោយអត់ទ្រាំនឹងទង្វើអ្នកជិតខាងមិនបាន បុរសជាអ្នកបង្កហេតុក៏បានគប់គ្រាប់បែកសាំងជាច្រើនដបពីផ្ទះជាន់ទី៣ របស់គាត់ចូលទៅរានហាលផ្ទះអ្នកជិតខាងនោះ ហើយភ្លើងក៏ផ្ដើមឆេះ និងបន្តរាលដាលដល់ផ្ទះនៅក្បែរនោះមួយចំនួនទៀតផង។ បុរសជាជនបង្កហេតុត្រូវបានគេដឹងថា មានអាយុ ៦១ ឆ្នាំ ជាមនុស្សចូលចិត្តទទួលទានគ្រឿងស្រវឹងជាប្រចាំ និងជាមនុស្សមានចរិតកាច ឆេវឆាវ និងឆាប់ខឹងផងដែរ។ ក្រោយធ្វើសកម្មភាពរួច បុរសជាអ្នកបង្កហេតុបានបិទទ្វារផ្ទះយ៉ាងជិត និងសម្ងំដេកធ្វើដូចគ្មានរឿងអ្វីកើតឡើងអីចឹង រហូតដល់ប៉ូលិសទៅធ្វើអន្តរាគមន៍ទើបគាត់ចេញមកដោះស្រាយ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Tuoitre New