របកគំហើញថ្មី! អ្នកវិទ្យាសាស្ត្រអ៉ីស្រាអែលអះអាងថា ពួកគេរកឃើញពីរបៀបផ្លាស់ប្តូរដំណើរការចាស់របស់មនុស្ស , ពិសោធន៍លើមនុស្សចាស់អាយុ ៦៤ឆ្នាំ ក្មេងជាងមុន ២៥ឆ្នាំ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ញូវយ៉កប៉ុស្តិ៍ បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Tel Aviv ប្រទេសអ៉ីស្រាអែល បានផ្លាស់ប្តូរដំណើរការចាស់របស់មនុស្សវ័យចំណាស់ដោយជោគជ័យ តាមរយៈ «ការព្យាបាលដោយអុកស៊ីសែន» នៅក្នុងរបកគំហើញថ្មីមួយ។ ពួកគេបានអះអាងថាការព្យាបាលដោយអុកស៊ីសែន (Hyperbaric Oxygen Therapy) បានផ្លាស់ប្តូររាងកាយរបស់មនុស្សវ័យចំណាស់ក្នុងកម្រិតកោសិកា (cellular level) ធៀបទៅនឹងរបៀបដែលពួកគេក្មេងជាងអាយុបច្ចុប្បន្ន ២៥ឆ្នាំ នៅក្នុងការសិក្សាលើមនុស្សចំនួន ៣៥នាក់ ដែលមានអាយុលើសពី ៦៤ឆ្នាំ និងត្រូវបានបង្ហោះនៅក្នុងទិនានុប្បវត្តិ Aging កាលពីថ្ងៃពុធកន្លងទៅនេះ។

នៅក្នុងការសិក្សានេះ ពួកគេបានដាក់អ្នកចូលរួមវ័យចំណាស់ទាំងនោះនៅក្នុងបន្ទប់មួយរយៈពេល ៩០នាទី ក្នុងមួយថ្ងៃ ៥ថ្ងៃ ក្នុងមួយសប្តាហ៍ នៅក្នុងរយៈពេល ៣ខែ ហើយបានសិក្សាពីផលប៉ះពាល់របស់វាទៅលើកោសិកាវ័យចំណាស់ ដែលទាក់ទងនឹងការចុះខ្សោយជាលិកា និងសរីរាង្គ។ ពួកគេក៏បានវាស់ប្រវែងនៃតេឡូមេ (telomere) របស់មនុស្សម្នាក់ៗ ដែលជាម៉ូលេគុលភ្ជាប់ទៅនឹងភាពចាស់នៃកោសិកាមុនចាប់ផ្ដើមវ័យចំណាស់។ គួរឱ្យកត់សម្គាល់ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា តេឡូមែរបស់អ្នកចូលរួមបានពង្រីកធំជាងមុន ដោយមានប្រវែងជាមធ្យម ២០% ខណៈពេលដែលកោសិកាវ័យចំណាស់របស់ពួកគេបានថយចុះរហូតដល់ ៣៧% នៅចុងបញ្ចប់នៃការសាកល្បង ដែលវាស្មើនឹង ២៥ឆ្នាំ ក្មេងជាងមុន។

លោកវេជ្ជបណ្ឌិត Shai Efrati អ្នកនិពន្ធនៃការស្រាវជ្រាវបាននិយាយថា៖«ការធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនៃប្រវែងតេឡូមេ បានផ្តល់ដល់សហគមន៍វិទ្យាសាស្ត្រជាមួយនឹងមូលដ្ឋានគ្រឹះថ្មីនៃការយល់ដឹងថា ភាពចាស់អាចត្រូវបានគេកំណត់គោលដៅ និងបញ្ច្រាសនៅកម្រិតជីវសាស្ត្រមូលដ្ឋាន»។ ជម្រាបដែរថា ពេលកំពុងចូលរួមការសាកល្បងនេះអ្នកចូលរួមមិនបានផ្លាស់ប្តូររបៀបរស់នៅ របបអាហារ ឬថ្នាំនោះទេ ដែលកត្តាទាំងនេះធ្លាប់បានបង្ហាញឱ្យឃើញកាលពីមុនថា ប៉ះពាល់ដល់អាយុជីវសាស្ត្ររបស់មនុស្ស៕

អត្ថបទ៖ លីដា
ប្រភព៖ ញូវយ៉កប៉ុស្តិ៍