ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាកលវិទ្យាល័យ Oxford និង ក្រុមហ៊ុនឱសថ AstraZeneca បានប្រកាសថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ពួកគេមានប្រសិទ្ធភាព ៩០% និងអាចទុកក្នុងសីតុណ្ហភាពដូចទូទឹកកកធម្មតាបាន

    BY autoadmin November 23, 2020
    សាកលវិទ្យាល័យ Oxford និង ក្រុមហ៊ុនឱសថ AstraZeneca បានប្រកាសថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ពួកគេមានប្រសិទ្ធភាព ៩០% និងអាចទុកក្នុងសីតុណ្ហភាពដូចទូទឹកកកធម្មតាបាន

    លទ្ធផលបឋមនៃវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថ AstraZeneca បានបង្ហាញថា វ៉ាក់សាំងរបស់ពួកគេមានប្រសិទ្ធិភាពរហូតដល់ទៅ ៩០% ហើយវាអាចរក្សាទុកបានក្នុងទូទឹកកកដែលមានសីតុណ្ហភាពធម្មតាដោយសុវត្ថិភាព ដែលជួយដល់ការបង្កើនការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នាពេលខាងមុខ។ វ៉ាក់សាំងដែលជាក្ដីសង្ឃឹមក្នុងការជួយសង្គ្រោះជីវិតមនុស្សជាតិនេះ ត្រូវបានគេមើលឃើញថាជាឱកាសដ៏ល្អបំផុតសម្រាប់ចក្រភពអង់គ្លេស នៅក្នុងការចាប់ផ្ដើមចុះចាក់វ៉ាក់សាំងបង្ការដល់ពលរដ្ឋឱ្យបានមុននិទាឃរដូវ ពីព្រោះនាយករដ្ឋមន្ត្រីលោក បូរីស ចនសុន បានបញ្ជាទិញវារហូតដល់ទៅ ១០០ លានដូស។

    ជម្រាបដែរថាវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយ Pfizer និង Moderna នៅសហរដ្ឋអាមេរិក ក៏បានបង្ហាញពីប្រសិទ្ធភាព ៩៥% ប៉ុន្តែថ្នាំទាំង ២ នេះត្រូវរក្សាទុកចន្លោះពី -៧៥ អង្សាសេ និង -២០ អង្សាសេ ហើយមានតម្លៃរហូតដល់ ២៤ ផោន ដែលខ្ពស់ជាងវ៉ាក់សាំងរបស់ Oxford និង AstraZeneca ។ សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca បាននិយាយនាពេលថ្មីៗនេះថា ពួកគេមិនបានរកឃើញករណីជំងឺ COVID-19 ធ្ងន់ធ្ងរទេក្នុងចំណោមមនុស្ស ២០ ០០០ នាក់ ដែលបានទទួលការចាក់ថ្នាំបង្ការនៅចក្រភពអង់គ្លេស និងប្រេស៊ីល។

    ការសិក្សាសាកល្បងបានរកឃើញថា វ៉ាក់សាំងគឺមានប្រសិទ្ធភាព ៩០% នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានៅពេលប្រើកន្លះដូសដំបូង ហើយបន្ទាប់មកត្រូវចាក់មួយដូសពេញនៅខែក្រោយមកទៀត។ នេះនឹងធ្លាក់ចុះដល់ ៦២% នៅពេលដែលអ្នកទទួលវ៉ាក់សាំងចាក់វាពេញទាំង ២ដូស នៅចន្លោះមួយខែពីគ្នា។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ការចាក់វ៉ាក់សាំងពាក់កណ្តាលលើកដំបូងមានន័យថា មានមនុស្សកាន់តែច្រើនអាចទទួលបានការបង្ការ ពីព្រោះវ៉ាក់សាំងនឹងត្រូវបន្តទៅមុខទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ Daily Mail

    Share This Post: