ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សភាសហព័ន្ធអាល្លឺម៉ង់បានប្រកាសថា ស្ដេចថៃអាចនឹងត្រូវបណ្តេញចេញពីអាល្លឺម៉ង់ ប្រសិនបើទ្រង់មិនគិតគូរពីប្រទេសរបស់ទ្រង់នោះទេ

    BY autoadmin November 23, 2020
    សភាសហព័ន្ធអាល្លឺម៉ង់បានប្រកាសថា ស្ដេចថៃអាចនឹងត្រូវបណ្តេញចេញពីអាល្លឺម៉ង់ ប្រសិនបើទ្រង់មិនគិតគូរពីប្រទេសរបស់ទ្រង់នោះទេ

    សភាសហព័ន្ធអាល្លឺម៉ង់ Bundestag បានប្រកាសថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn អាចនឹងត្រូវបណ្តេញចេញពីប្រទេសអាល្លឺម៉ង់ ប្រសិនបើទ្រង់មិនខ្វាយខ្វល់ពីរឿងជាតិរបស់ទ្រង់ ខណៈបន្ដស្នាក់នៅក្នុងវីឡានៅឯរដ្ឋ Bavaria របស់អាល្លឺម៉ង់ ដែលទីនោះផ្ទាល់គឺជាកន្លែងដែលទ្រង់តែងតែទៅគង់នៅទីនោះជាទម្លាប់។ ការបន្ដគង់នៅយ៉ាងយូររបស់ស្តេច Maha Vajiralongkorn នៅក្នុងទ្វីបអឺរ៉ុប បានស្ថិតនៅក្រោមការឃ្លាំមើល និងរងការរិះគន់យ៉ាងខ្លាំង ក្នុងអំឡុងពេលដែលប្រទេសថៃកំពុងមានការតវ៉ាប្រឆាំងរដ្ឋាភិបាល និងរបបរាជានិយម ពីក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។

    សភាអាល្លឺម៉ង់និយាយថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn មានអភ័យឯកសិទ្ធិការទូតក្នុងអំឡុងពេលគង់នៅក្នុងវីឡារបស់ទ្រង់ ប៉ុន្តែរដ្ឋ Bavaria ក៏មានអំណាចគ្រប់គ្រាន់ក្នុងការបណ្តេញទ្រង់ចេញពីប្រទេសផងដែរ។ យ៉ាងណារដ្ឋរបស់អាល្លឺម៉ង់មួយនេះ មានអំណាចតិចតួចណាស់ក្នុងការកាត់ទោសព្រះមហាក្សត្រថៃ ទោះបីជាមានការគំរាមកំហែងថ្មីៗពីសំណាក់រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ Heiko Maas ក៏ដោយ។ កាលពីខែតុលារដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះ ក៏បានព្រមានដល់ព្រះមហាក្សត្រថៃ ប្រឆាំងនឹងការពិតដែលថាទ្រង់គ្រប់គ្រងលើប្រទេសរបស់ទ្រង់ ចេញពីប្រទេសអាល្លឺម៉ង់ផងដែរ។

    ជម្រាបដែរថាស្តេចថៃចំណាយពេលច្រើនខែក្នុងវីឡាមួយ ក្បែរបឹង Starnberg ដែលស្ថិតនៅខាងត្បូងទីក្រុងមុយនិច ហើយនៅរដូវផ្ការីកទ្រង់តែងតែស្នាក់នៅសណ្ឋាគារប្រណីតមួយ នៅរមណីយដ្ឋានជិះស្គីនៅ Garmisch-Partenkirchen ។ សារព័ត៌មាន Deutche Welle បានរាយការណ៍ថា ស្ដេចថៃ Maha Vajiralongkorn បានវិលត្រឡប់ទៅប្រទេសថៃវិញអំឡុងខែតុលា ដើម្បីចូលរួមពិធី និងការបង្ហាញវត្តមានមួយចំនួន ប៉ុន្តែគណបក្សប្រឆាំងរបស់អាល្លឺម៉ង់ កំពុងអំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ ហាមឃាត់ព្រះមហាក្សត្រថៃមិនឱ្យចូលប្រទេសអាល្លឺម៉ង់ម្តងទៀតឡើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Deutsche Welle

    Share This Post: