ផឹកស្រាមិនទាន់ឆ្អែត នាំគ្នាយកទឹកអាល់កុលលាងដៃមកផឹកជំនួសស្រាថែម ចុងក្រោយបាត់បង់ជីវិត០៧នាក់
រុស្សី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧ នាក់បានស្លាប់បន្តគ្នា បន្ទាប់ពីពួកគេបាននាំគ្នាយកទឹកអាល់កុលលាងដៃមកផឹកជំនួសស្រា។ បើតាមសារព័ត៌មាន Metro បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងក្នុងពិធីជប់លៀងមួយនៅក្នុងតំបន់ Yakutia នៃប្រទេរុស្សី ជាទីកន្លែងមានការកំណត់ចំនួនគ្រឿងស្រវឹងត្រូវដាក់លក់ទៅលើទីផ្សារ តែផ្ទុយមកវិញសម្បូរទៅដោយទឹកអាល់កុលសម្រាប់លាងដៃគ្រប់ប្រភេទ ដែលនិន្នាការនេះបានកើតឡើងក៏ព្រោះតែអាជ្ញាធរមិនចង់ឲ្យពលរដ្ឋធ្វើការផឹកស៊ីជួបជុំគ្នាច្រើន ព្រោះវាអាចបង្កហានិភ័យនៃការរាតត្បាតជំងឺកូវីដ ១៩ និងលើកទឹកចិត្តឲ្យពលរដ្ឋអាចទិញទឹកអាល់កុលលាងដៃបានគ្រប់ៗគ្នា។
ព្រោះហេតុផលនេះហើយទើបនៅក្នុងពិធីជប់លៀងខាងលើត្រូវខ្វះខាតស្រាពាក់កណ្តាលទីមិនអាចផ្គត់ផ្គង់តាមតម្រូវការរបស់ភ្ញៀវបាន ខណៈភ្ញៀវមួយចំនួននៅចង់បន្តផឹកស្រាបន្ថែមទៀត។ នៅចំពោះមុខស្ថានភាពនេះមានភ្ញៀវបុរសមួយក្រុមបាននាំគ្នាយកទឹកអាល់កុលលាងដៃមកផឹកជំនួសស្រា ហើយបន្តិចក្រោយមកក៏មានបុរស ៣ នាក់បានពុលស្លាប់ភ្លាម ៣ នាក់ផ្សេងទៀតបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ម្នាក់ក្រោយគេបានស្លាប់នៅថ្ងៃបន្ទាប់មកទៀត ហើយក៏មានមនុស្ស ២ ផ្សេងទៀតត្រូវបានជួយសង្គ្រោះជីវិតបានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា ទឹកអាល់កុលសម្រាប់លាងដៃដែលជនរងគ្រោះខាងលើបានយកទៅផឹកនោះមានផ្ទុកជាតិមេតាណុលរហូតដល់ ៦៩% ដែលជាបរិមាណជាតិមេតាណុលដ៏ច្រើននិងអាចបង្កគ្រោះថ្នាក់ខ្ពស់ខ្លាំងផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Metro