អន្តរជាតិ

ប៉ូលីសថៃបានកោះហៅមេដឹកនាំបាតុករជាលើកដំបូងបំផុត ឱ្យមកប្រឈមមុខជាមួយនឹងច្បាប់ស្ដីពី​ការ​ប្រមាថ​ព្រះមហាក្សត្រ (Lèse Majesté)

BY
autoadmin
November 25, 2020

ប្រភពពីប៉ូលីសនិងក្រុមសិទ្ធិមនុស្សបាននិយាយថា ប៉ូលីសថៃបានកោះហៅមេដឹកនាំបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលចំនួន ៧នាក់ ដើម្បីមកប្រឈមមុខជាមួយនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ (Lèse-majesté) ជុំវិញការធ្វើអត្ថាធិប្បាយដែលទាមទារឱ្យមានការកែទម្រង់រាជាធិបតេយ្យ។ នេះជាលើកទីមួយហើយដែលការចោទប្រកាន់បែបនេះត្រូវបានធ្វើឡើង នៅក្រោមច្បាប់ប្រមាថព្រះមហាក្សត្រទាក់ទងនឹងការប្រមាថដល់រាជវង្សក្នុងរយៈពេលជាង ២ឆ្នាំ កន្លងមកនេះ។ ដូច្នេះមានន័យថា ពួកមេដឹកនាំបាតុករទាំងនោះអាចជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំ។

ការធ្វើបាតុកម្មដែលបានចាប់ផ្តើមនៅក្នុងខែកក្កដា ប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានអូសបន្លាយវែងឆ្ងាយ រហូតរាលដាលដល់ការទាមទារឱ្យមានកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ដែលការនេះបានបំពានច្បាប់របស់ថៃជាយូរលង់ណាស់មកហើយ ស្តីពីការរិះគន់របបរាជានិយម។ ប្រភពពីប៉ូលីសដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា មេដឹកនាំបាតុកម្មអាចមានពេលរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីឆ្លើយតបចំពោះកោះហៅរបស់ប៉ូលីស ជុំវិញការអធិប្បាយដែលបានធ្វើឡើងនៅក្នុងការតវ៉ានៅថ្ងៃទី១៩ និង ២០ ខែកញ្ញា។

ម្នាក់ក្នុងចំនោម ៧នាក់ ឈ្មោះថា Parit Chiwarak បាននិយាយថា គ្រួសាររបស់គាត់បានទទួលការកោះហៅ ហើយគាត់មិនមានការព្រួយបារម្ភទេ។ អ្នកផ្សេងទៀតដែលមានឈ្មោះរួមមាន៖ មេធាវីសិទ្ធិមនុស្ស Arnon Nampa ដែលបានក្លាយជាមនុស្សដំបូងគេ ដែលអំពាវនាវឱ្យមានកំណែទម្រង់របបរាជានិយម កាលពីថ្ងៃទី០៣ ខែសីហា និងកញ្ញា Panusaya Sithijirawattanakul ជាមេដឹកនាំនិស្សិត ដែលបានដាក់ចេញនូវការទាមទារចំនួន ១០ សម្រាប់ការធ្វើកំណែទម្រង់ព្រះរបបរាជានិយម។

ការកោះហៅនេះបានធ្វើឡើងមួយថ្ងៃ មុនពេលក្រុមអ្នកតវ៉ាបាននិយាយថា ពួកគេនឹងដង្ហែក្បួនទៅកាន់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិរបស់ព្រះរាជា (Crown Property Bureau) ដើម្បីទាមទារឱ្យព្រះមហាក្សត្រលះបង់ការគ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ប៉ូលីសបាននិយាយកាលពីម្សិលមិញថា គ្មានអ្នកតវ៉ាណាម្នាក់ត្រូវបានអនុញ្ញាតិឱ្យទៅជិតការិយាល័យនោះក្នុងគម្លាត ១៥០ម៉ែត្រ នោះឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ The Star

Share This Post: