អន្តរជាតិ

ក្រសួងសុខាភិបាលអាមេរិកបាននិយាយថា ការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចចាប់ផ្ដើមនៅប៉ុន្មានសប្ដាហ៍ខាងមុខ

BY
autoadmin
November 25, 2020

រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងសេវាកម្មមនុស្សរបស់សហរដ្ឋអាមេរិក លោក Alex Azar បានមានប្រសាសន៍ថា ការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 អាចចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ទៀត។ លោក Alex Azar បាននិយាយកាលពីថ្ងៃអង្គារថា ការចែកចាយអាចចាប់ផ្តើមភ្លាមៗបន្ទាប់ពីរដ្ឋបាលចំណីអាហារនិងឱសថ (FDA) នឹងជួបប្រជុំគ្នានៅថ្ងៃទី១០ ខែធ្នូ ហើយលោកបាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 អាចត្រូវបានចែកចាយទូទាំងប្រទេសក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីមានការអនុញ្ញាតពី FDA ។

លោកក៏បាននិយាយផងដែរថា រដ្ឋនានានឹងសម្រេចចិត្តថាអ្នកណានឹងទទួលបានវ៉ាក់សាំងដំបូងគេ ដោយផ្អែកលើអនុសាសន៍ពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ។ មន្ត្រីទទួលបន្ទុកផ្នែកចែកចាយនិយាយថា វ៉ាក់សាំងចំនួន ៦.៤ លានដូស នឹងមានជាចម្បងក្នុងគោលបំណងផ្តល់ឱ្យបាន ៤០ លានដូស នៅចុងខែធ្នូឆ្នាំ២០២០។ ក្រុមហ៊ុនឱសថយក្ស Pfizer ក៏បានដាក់ពាក្យស្នើសុំទៅ FDA រួចហើយដែរ ដើម្បីទទួលបានការអនុញ្ញាតចុះបញ្ជីលើវ៉ាក់សាំងរបស់ខ្លួន កាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែកក្រុមហ៊ុនផលិតថ្នាំពេទ្យ Moderna បាននិយាយថា ខ្លួននឹងដាក់ពាក្យសុំចុះបញ្ជីវ៉ាក់សាំងរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។ ទូទឹកកកនិងមធ្យោបាយផ្សេងទៀតនឹងត្រូវការជាចាំបាច់ ដើម្បីផ្ទុកវ៉ាក់សាំងទាំងនេះ។ វ៉ាក់សាំង Pfizer ត្រូវរក្សាទុកក្នុងចន្លោះពី -៦០ ដល់ -៨០ អង្សាសេ ហើយវ៉ាក់សាំងរបស់ Moderna អាចរក្សាបាននៅត្រឹម ២០ អង្សាសេ។ ក្រុមមន្រ្តីនិយាយថា ពួកគេនឹងធ្វើការសមសម្រាប់ដំណើរការដឹកជញ្ជូន ដើម្បីធានាបាននូវការចែកចាយប្រកបដោយស្ថេរភាព៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: