អន្តរជាតិ

ឃាត់ខ្លួនព្រះចៅអធិការវត្តថៃ និងកូនសិស្ស ៣នាក់ នាំគ្នាចែកចាយថ្នាំប្រភេទនេះរាប់លានគ្រាប់

BY
autoadmin
November 25, 2020

ថៃ៖ ព្រះចៅអធិការវត្ត ១ អង្គ លោកសង្ឃ ១ អង្គ និងកូនសិស្សលោកចំនួន ៣ នាក់ត្រូវបានចាប់ខ្លួនជុំវិញករណីចែកចាយគ្រឿងញៀនទ្រង់ទ្រាយធំមួយនៅក្នុងខេត្តចៃណាត (Chai Nat) ភាគកណ្តាលនៃប្រទេសថៃ។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Pattaya News បានឲ្យដឹងថា ការចាប់ខ្លួននេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃអាទិត្យត្រង់ចំណុចសណ្ឋគារមួយកន្លែងដែលជនសង្ស័យបានលាក់ខ្លួន ហើយប៉ូលិសបានប្រើពេលជាងម៉ោងគឺចាប់ពីម៉ោង ៧ ដល់ ម៉ោង ១០៖៣០ យប់ ទើបអាចបំបែករឿងក្តីមួយនេះបានសម្រេច។

បើតាមប៉ូលិសថៃបានឲ្យដឹងថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើនេះគេអាចប្រមូលភស្តុតាងបានជាច្រើនមានដូចជា គ្រឿងញៀនប្រភេទម៉េត (Meth) ចំនួន ៤,៨ លានគ្រាប់ រថយន្តចំនួន ២ គ្រឿង ទូរស័ព្ទចំនួន ១១ គ្រឿង កាំភ្លើងខ្លីចំនួន ១ ដើម និងគ្រាប់កាំភ្លើងចំនួន ១៤ ប្រអប់ផងដែរ។ តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យបានឲ្យដឹងថា ពួកគេបានធ្វើដំណើរចេញពីវត្តមួយកន្លែងក្នុងខេត្តផាយ៉ាវ (Phayao) និងមានបំណងយកគ្រឿងញៀនទាំងនេះទៅចែកចាយឲ្យឈ្មួញរបស់ពួកគេនៅក្នុងខេត្តចៃណាត តែមិនទាន់បានចែកចាយផងក៏ត្រូវប៉ូលិសចាប់ខ្លួនបានតែម្តង។ ជនសង្ស័ទាំង ៥ នាក់ត្រូវជាប់ចោទជាច្រើនករណីរួមទាំងការកាប់កាប់អាវុធខុសច្បាប់និងរត់ពន្ធគ្រឿងញៀនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Pattaya News

Share This Post: