អន្តរជាតិ

រដ្ឋាភិបាលទីក្រុងតូក្យូស្នើសុំឱ្យបារ និងភោជនីយដ្ឋាននានា កាត់បន្ថយពេលវេលារកស៊ីរបស់ពួកគេ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

BY
autoadmin
November 25, 2020

រដ្ឋាភិបាលក្រុងតូក្យូត្រៀមខ្លួនរួចជាស្រេច ដើម្បីស្នើសុំឱ្យបារ និងភោជនីយដ្ឋាន ដែលបម្រើជាតិសេវាគ្រឿងស្រវឹងកាត់បន្ថយម៉ោងធ្វើការរបស់ពួកគេ។ ក្រុមមន្រ្តីសង្ឃឹមថា វិធានការនេះនឹងជួយទប់ស្កាត់ចំនួននៃការឆ្លងជំងឺ COVID-19 ដែលមានការកើនឡើងខ្ពស់នៅជុំវិញរាជធានី។ អាជីវកម្មដែលរងផលប៉ះពាល់នឹងត្រូវបានស្នើសុំឱ្យបិទនៅម៉ោង ១០ និង ០០ នាទីយប់ និងមានរយៈពេលប្រហែល ៣សប្តាហ៍ ចាប់ផ្តើមពីថ្ងៃសៅរ៍នេះ។ រដ្ឋាភិបាលទីក្រុងក៏គ្រោងនឹងឧបត្ថម្ភធន ដល់សហគ្រាសដែលគោរពតាមផងដែរ។

វិធានការស្រដៀងគ្នានេះធ្លាប់ត្រូវបានអនុវត្តនៅទីក្រុងតូក្យូ កាលពី ៦ខែ មុនម្ដងរួចមកហើយ នៅពេលដែលរដ្ឋាភិបាលកណ្តាលបានប្រកាសអាសន្នក្នុងប្រទេស។ ក្រុមអ្នកជំនាញនិយាយថា ការឆ្លងក៏កំពុងកើនឡើងនៅហុកកៃដូ និងតំបន់ទីប្រជុំជន ជុំវិញអូសាកា និងណាហ្គោយ៉ា។ ពួកគេកំពុងព្រមានថា ការកើនឡើងនូវករណីថ្មីៗ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធវេជ្ជសាស្ត្ររបស់ប្រទេស។

ចំណែកនៅទូទាំងប្រទេសអ្នកជំងឺ COVID-19 ចំនួន ៣៤៥ នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគិតត្រឹមថ្ងៃអង្គារ គឺប្រហែល ២ដង ច្រើនជាងមួយខែមុន។ មានករណីថ្មីជាង ១ ២០០ ត្រូវបានរាយការណ៍នៅទូទាំងប្រទេសកាលពីថ្ងៃអង្គារ ខណៈមានអ្នកជំងឺសរុបជាង ១៣ ម៉ឺននាក់ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ចាប់តាំងពីមានការផ្ទុះឡើង ហើយអ្នកស្លាប់មានលើសពី ២ ០០០ នាក់ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: