ស្មានមិនដល់សោះថា អាហារធម្មតាៗទាំង ៩ នេះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាពរាងកាយ
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអាហារធម្មតាបំផុតមួយចំនួនដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗជាច្រើនចំពោះរាងកាយរបស់អ្នក និងរបៀបងាយៗដើម្បីជៀសវាង ឬទប់ស្កាត់បញ្ហាទាំងនោះ ៖
១. ស្ពៃស ឬសាលាដ ៖ អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខមាលភាពសាធារណៈបានធ្វើការវិភាគស្ថិតិសម្រាប់រយៈពេល ១២ ឆ្នាំ។ ពួកបានរកឃើញថា សាលាដ ឬស្ពៃស ជាប្រភេទនៃអាហារចម្បងជាងគេដែលបង្កឲ្យកើតមានករណីពុលអាហារខ្ពស់បំផុត។ ក្នុងករណីនៃការពុលអាហារចំនួន ១៣៥៦៨ ករណី សាលាដជាដើមហេតុនៃការពុលមានដល់ទៅ ៣៦៣ ករណីឯណោះ។ ដូច្នេះមិនល្អសាលាដត្រូវបានវេចខ្ចប់ត្រឹមត្រូវបែបណាក៏ដោយ ដើម្បីជាការប្រសើរអ្នកត្រូវតែធ្វើការលាងសម្អាតវាជាមុនសិន សឹមទទួលទាន។

២. ស៊ុត ៖ បាក់តេរី salmonella ដែលមានជាប់លើស៊ុតមាន់ ឬទាដែលឆ្លងរោគអាចបង្កការឆ្លងមេរោគ salmonella ហើយអាចផ្ដល់គ្រោះថ្នាក់ចំពោះសុខភាព ជាពិសេសចំពោះក្មេងៗ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។ ដូច្នេះប្រសិនបើអ្នកឃើញថា នៅលើសំបកស៊ុតប្រឡាក់មិនស្អាត ចូរចំណាយពេល ១ នាទី ធ្វើការលាងសម្អាតស៊ុតនៅមុនពេលគោះបំបែកដើម្បីទទួលទាន។

៣. សាច់មាន់ ៖ ត្រឹមតែមួយដំណក់នៃទឹកចេញពីសាច់មាន់ឆៅ គឺមានផ្ទុកនូវបាក់តេរី Campylobacter គ្រប់គ្រាន់ដើម្បីឆ្លងទៅមនុស្សម្នាក់ហើយ។ បាក់តេរីនេះបណ្ដាលឲ្យកើតមានជំងឺគ្រុនក្ដៅ និងជំងឺរលាកក្រពះ ឬបញ្ហាផ្សេងៗពាក់ព័ន្ធនឹងក្រពះពោះវៀន។ បាក់តេរី Campylobacter រាលដាលលឿនណាស់នៅពេលអ្នកធ្វើការលាងសម្អាតសាច់ វាអាចតោងជាប់នឹងដៃ ជ្រុញ សម្លៀកបំពាក់ ឬអៀមសម្រាប់ពាក់ពេលធ្វើម្ហូប ជាដើម។ ដើម្បីសុវត្ថិភាព អ្នកគួរកាត់បន្ថយការប៉ះពាល់ទៅនឹងសាច់មាន់ឆៅដោយផ្ទាល់ ហើយលាងសម្អាតជ្រុញ កាំបិត ជាដើមឲ្យឆ្ងាយពីកន្លែងដាក់ចាន ការលាងសម្អាតជាមួយទឹកក្ដៅ គឺរឹតតែប្រសើរ។

៤. ត្រីធូណា ៖ នៅពេលត្រីរលាយទឹកកក ឬឈប់កក ហើយអ្នករក្សាទុកក្នុងរបៀបមិនត្រឹមត្រូវនោះជាតិពុលម្យ៉ាងហៅថា
scombrotoxin នឹងកើតឡើង។ វាអាចបណ្ដាលឲ្យអ្នកជួបប្រទះនូវអាការៈនៃការពុលអាហារមួយប្រភេទ ដោយស្បែកឡើងកន្ទួលក្រហម ក្អួតចង្អោរ ឈឺពោះ រាគ អត្រានៃចង្វាក់បេះដូងឡើងខ្ពស់ និងអាចដល់ថ្នាក់មើលលែងច្បាស់ទៀតផង។ ដើម្បីជៀសផុតពីបញ្ហានេះ អ្នកគួរតែទុកឲ្យត្រីធូណារលាយទឹកកក ដោយធ្វើយ៉ាងណាកុំឲ្យវាចូលខ្យល់។យកវាពីកន្លែងកក ហើយរក្សាទុកនៅធ្នើរក្រោមបង្អស់នៃទូរទឹកកកដោយមិនបើកកញ្ចប់ ឬបកថង់។ ប្រសិនបើត្រីមានទម្ងន់ ៤ ផោន (ជិត ២ គីឡូក្រាម) គឺត្រូវការរយៈពេលប្រហែលជា ២៤ ទើបរលាយទឹកកកអស់ ឬឈប់កក។

៥. ឈីស ៖ ឈីសអាចបង្កឲ្យកើតមានបញ្ហានៃការពុលអាហារបានដោយសារបាក់តេរី brucellosis និង listeriosis ដែលមាននៅក្នុងទឹកដោះគោ ក្នុងករណីទឹកដោះគោដែលយកមកធ្វើជាឈីសនោះមិនឆ្លងកាត់ការសម្លាប់មេរោគបានត្រឹមត្រូវ។ ដូច្នេះអ្នកគួរតែទិញឈីសតែពីកន្លែងផលិតណាដែលអ្នកស្គាល់ និងទុកចិត្តបានហើយ។

៦. សាច់ក្រក ឬផលិតផលសាច់កែច្នៃ ៖ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ១២ភាគរយនៃសាច់ក្រក និងសាច់កែច្នៃដទៃទៀតមានផ្ទុកបាក់តេរី E.coli, listeriosis និង salmonella។ បាក់តេរី Listeriosis គឺផ្ដល់គ្រោះថ្នាក់ខ្លាំងជាពិសេសចំពោះមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ ទារកទើបនឹងកើត និងក្មេងមានវ័យក្រោម ១ឆ្នាំ។ វាអាចធ្វើឲ្យមានការខូចខាតដល់ប្រព័ន្ធសរសៃប្រសាទ និងជម្ងឺរលាកស្រោមខួរ។

៧. សាច់កិនរួច ៖ អ្នកជំនាញជាច្រើនបានរកឃើញសំណល់នៃថ្នាំប្រឆាំងវីរុស E.coli, salmonella និង listeria នៅក្នុងសាច់កិនរួចស្រាប់។ ដូច្នេះដើម្បីជាការប្រសើរចូរកាត់ ឬធ្វើសាច់នេះជាបន្ទះស្ដើងៗ និងចម្អិនឲ្យឆ្អិនត្រឹមត្រូវសិនសឹមទទួលទាន។

៨. ភេសជ្ជៈសូដា ៖ ក្រៅពីបង្កជាជំងឺធាត់ និងផ្ដល់ផលប៉ះពាល់ដល់ថ្លើមហើយនោះ ហេតុផលមួយផ្សេងទៀតដែលអ្នកគួរតែបញ្ឈប់ការទទួលភេសជ្ជៈសូដា គឺឥទ្ធិពលអាក្រក់របស់វាទៅលើឆ្អឹងរបស់អ្នក។ សូដាមានផ្ទុកនូវជាតិអាស៊ីតផូស្វរិក និងកាហ្វេអ៊ីនដែលកាត់បន្ថយដង់ស៊ីតេរ៉ែឆ្អឹង (ម៉ាសឆ្អឹង) ហើយលទ្ធផលចុងក្រោយអាចឈានដល់ថ្នាក់កើតមានជំងឺពុកឆ្អឹងថែមទៀតផង៕

អត្ថបទ ៖ ប៊ី
ប្រភព ៖ Brightside