Apple រើរោងចក្រផលិត iPad និង Mac ចេញពីចិន មកក្បែរកម្ពុជាយើងតែម្តង
ក្រុមហ៊ុន Foxconn បានសម្រេចធ្វើការផ្លាស់ប្តូរទីតាំងផលិតផ្នែកខ្លះនៃឧបករណ៍អេឡិចត្រូនិច iPad និង MacBook ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាមហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Reuters។ ប្រភពបានបានបន្តថា ការសម្រេចធ្វើការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងតាមសំណើរបស់ក្រុមហ៊ុន Apple បន្ទាប់ពីក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះបារម្ភខ្លាចក្រែងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនខ្លួន។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសមួយនេះបានផ្តើមកើតមានតាំងពីជំនាន់លោក ដូណាល់ ត្រាំ នៅកាន់តំណែជាប្រធានាធិបតីអាមេរិកម្លះ ដោយរដ្ឋបាលអាមេរិកក្រោយការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធយ៉ាងច្រើនចំពោះផលិតផលចិនដែលត្រូវនាំយកទៅលក់ក្នុងផ្សារអាមេរិក។

ឥរិយាបថនេះមិនត្រឹមតែបានប៉ះពាល់ដល់ផលិតផលចិនប៉ុណ្ណោះទេ តែក្រុមហ៊ុនអាមេរិកមួយចំនួនដែលកំពុងធ្វើការវិនិយោគនៅលើទឹកចិនក៏បានរងនូវផលអវិជ្ជមានផងដែរ។ ជាក់ស្តែងដូចជាក្រុមហ៊ុនផលិតទូរស័ព្ទ Apple Inc, ជាដើម បើទោះជាក្រុមហ៊ុនមួយនេះមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏ដោយ តែក្រុមហ៊ុន Apple Inc, ត្រូវបញ្ជាទិញគ្រឿងសម្រាប់ដំឡើងផលិតផលខ្លួនពីតាមបណ្តាប្រទេសមួយចំនួនជាពិសេសគឺប្រទេសចិនតែម្តង ព្រោះតែការបញ្ជាទិញគ្រឿងឬឧបករណ៍ផ្សេងៗពីប្រទេសចិនមានតម្លៃថោកជាងការផលិតដោយផ្ទាល់នៅលើទឹកដីអាមេរិក។
សម្រាប់ក្រុមហ៊ុន Foxconn ឬមានឈ្មោះជាផ្លូវការថា Hon Hai Precision Industry Co Ltd, វិញ គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅលើកោះតៃវ៉ាន់ ប្រទេសចិន ហើយនាពេលកន្លងមកក្រុមហ៊ុនមួយនេះធ្លាប់ផលិតសម្ភារៈជាច្រើនឲ្យទៅក្រុមហ៊ុន Apple ដូចជាកុំព្យូទ័រ ក្តាចុច និងឧបរកណ៍សំខាន់ជាច្រើនទៀត។ យ៉ាងណាក្តី ចាប់ពីពេលនេះតទៅក្រុមហ៊ុន Foxconn នឹងបើកការវិនិយោគផលិតឧបករណ៍មួយចំនួននៅក្នុងខេត្ត Bac Giang នៃប្រទេសវៀតណាមក្រោមទំហំទឹកប្រាក់ ២៧០ លានដុល្លារអាមេរិកសម្រាប់ផ្តត់ផ្គង់ឲ្យក្រុមហ៊ុន Apple ហើយក៏គ្រោងពង្រីកការវិនិយោគនៅក្នុងប្រទេសផ្សេងៗជាច្រើនទៀតក្រៅពីប្រទេសចិនផងដែរ។

អត្ថបទ៖ ភក្តី
ប្រភព៖ Reuters