ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមបាតុករនិស្សិតថៃតវ៉ាឲ្យលុបចោលបទបញ្ជារបស់សាលារៀន ដែលតម្រូវឲ្យសិស្សត្រូវតែស្លៀកឯកសណ្ឋានពេលទៅរៀន

    BY autoadmin November 30, 2020
    ក្រុមបាតុករនិស្សិតថៃតវ៉ាឲ្យលុបចោលបទបញ្ជារបស់សាលារៀន ដែលតម្រូវឲ្យសិស្សត្រូវតែស្លៀកឯកសណ្ឋានពេលទៅរៀន

    ថៃ៖ ក្រុមសិស្សសាលាថៃកំពុងផ្ដើមធ្វើការតវ៉ាប្រឆាំងនឹងបទបញ្ជា ដែលតម្រូវឲ្យកូនសិស្សត្រូវតែស្លៀកពាក់ឯកសណ្ឋានសិស្សពេលទៅសាលារៀន ហើយជំនួសមកវិញគឺពួកគេចង់ទាមទាឲ្យកូនសិស្សទាំងអស់អាចស្លៀកសំលៀកបំពាក់សមរម្យណាមួយក៏បានតាមការចូលចិត្តរបស់ពួកគេ។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bangkok Post កាលពីថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា បានឲ្យដឹងថា ការតវ៉ានេះមានសន្ទុះខ្លាំងឡើងៗនៅតាមបណ្តាញសង្គម ខណៈសាលារៀននៅទូទាំងប្រទេសថៃនឹងបើកបវេសនកាលថ្មីនៅសប្តាហ៍ក្រោយនេះហើយ។

    បាតុករនិស្សិតមួយក្រុមឈ្មោះថា Bad Student បានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា ពួកគេនឹងមិនស្លៀកពាក់ឯកសណ្ឋានទៀតទេ នៅពេលចូលរៀនក្នុងបវេសនកាលថ្មីនេះ ហើយពួកគេចង់មានសេរីភាពក្នុងការជ្រើសសំលៀកដោយខ្លួនឯង។ សម្រាប់ក្រុម Pakee Students KKC វិញបានបង្ហោះសារថា ពួកគេមិនយល់ថាការស្លៀកពាក់ឯកសណ្ឋានគឺជារឿងសំខាន់ពេលទៅរៀននោះទេ ហើយមិនមែនសិស្សគ្រប់គ្នាមានថវិកាទិញឯកសណ្ឋានបានគ្រប់គ្នានោះឡើយ។ ពួកគេបានចោទជាសំណួរថា តើសាលានឹងមិនបង្រៀនពួកគេទេ ប្រសិនបើពួកគេមិនស្លៀកឯកសណ្ឋាន? តើចាំបាច់រៀនធ្វើអ្វី បើសាលាគិតពីរឿងការស្លៀកពាក់ ជាជាងការផ្ដល់ចំណេះដឹង? សិស្ស ១០នាក់ មិនស្លៀកឯកសណ្ឋានអាចនឹងត្រូវគេពិន័យ ប៉ុន្តែបើចូលរួមទាំងអស់គ្នា សាកស្រមៃទៅមើលថានឹងល្អប៉ុនណា?

    ឆ្លើយតបនឹងការទាមទារខាងលើនេះ លោកស្រី Amporn Pinasa ដែលជាអគ្គលេខាធិការនៃគណៈកម្មការអប់រំមូលដ្ឋានថៃបានលើកឡើងថា សិស្សត្រូវតែដឹងថាការមិនស្លៀកពាក់ឯកសណ្ឋានត្រឹមត្រូវនៅសាលា ជាការល្មើសនឹងបទបញ្ជា។ លោកស្រីបាននិយាយថា សាលានីមួយៗមានច្បាប់សម្រាប់សិស្សអនុវត្តតាម ដោយបន្ថែមថានៅក្នុងសង្គមមួយ មនុស្សគ្រប់គ្នាមិនអាចទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេចង់បាននោះទេ។ វិធានការ និងបទបញ្ញត្តិ គឺចាំបាច់ដើម្បីធានាថាប្រជាជនអាចរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម។

    លោកស្រីបានបន្តថា ការស្លៀកពាក់ឯកសណ្ឋានមិនបានជះឥទ្ធិពលអាក្រក់ដល់សិស្ស និងការសិក្សារបស់ពួកគេនោះទេ ផ្ទុយទៅវិញវាអាចជួបទប់ស្កាត់និន្នាការសម្ភារៈនិយម ឬ វិសមភាពក្នុងចំណោមសិស្ស។ អ្នកស្រីបាននិយាយថា បើកសិស្សស្លៀកពាក់អ្វីតាមចិត្តក៏បាននោះ វានាំឱ្យសិស្សមួយចំនួនចង់ទិញខោអាវថ្លៃៗដូចមិត្តរបស់ពួកគេ ទាំងដែលគ្រួសាររបស់ពួកគេមិនធូរធាក៏ដោយ៕

    អត្ថបទ៖ភក្តី
    ប្រភព៖ Bangkok Post

    Share This Post: