ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca នឹងធ្វើការសាកល្បងព្យាបាលបន្ថែមទៀត ចំពេលមានការចោទជាសំណួរលើប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់ខ្លួន
ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca គ្រោងនឹងដាក់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលខ្លួនកំពុងអភិវឌ្ឍជាមួយសាកលវិទ្យាល័យ Oxford តាមរយៈការសាកល្បងព្យាបាលបន្ថែមទៀត ដោយសារតែការព្រួយបារម្ភអំពីទិន្នន័យនៃការសិក្សាដែលខ្លួនកំពុងមានស្រាប់។ ក្រុមហ៊ុនបានចេញផ្សាយការវិភាគបណ្តោះអាសន្នកាលពីថ្ងៃច័ន្ទ ដោយលើកឡើងពីប្រសិទ្ធភាពរហូតដល់ ៩០% និងជាមធ្យម ៧០% ប៉ុន្តែក្រោយមកក៏មានការចោទជារសំណួរចំពោះលទ្ធផលនេះ។

ប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក និងអឺរ៉ុប បាននិយាយថា ក្រុមអ្នកស្ម័គ្រចិត្តដែលប្រើវ៉ាក់សាំងបង្ការ COVID-19 ដែលក្រោយមកបានបញ្ជាក់ថាមានប្រសិទ្ធិភាព ៩០% ត្រូវបានគេច្រឡំផ្តល់វ៉ាក់សាំងឱ្យតែកន្លះដូសប៉ុណ្ណោះ។ របាយការណ៍បានចង្អុលបង្ហាញថា ពួកគេទាំងអស់មានអាយុ ៥៥ ឆ្នាំឬតិចជាងនេះ ដែលមានន័យថាពួកគេហាក់ដូចជាមិនសូវមានរោគសញ្ញាធ្ងន់ធ្ងរទេ។ វាក៏បាននិយាយផងដែរថា ក្រុមនេះមានមនុស្សប្រហែល ២៧០០ នាក់ ដែលតិចជាងការសិក្សាដទៃទៀត ហើយអាចប៉ះពាល់ដល់ភាពត្រឹមត្រូវនៃទិន្នន័យ។
នាយកប្រតិបត្តិលោក Pascal Soriot បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ការសាកល្បងបន្ថែមនឹងត្រូវធ្វើឡើងដើម្បីវាយតម្លៃប្រសិទ្ធភាព។ លោកបាននិយាយថា លោកមិនធ្លាប់រំពឹងថានឹងត្រូវការជំហានបន្ថែម ដើម្បីពន្យាពេលការអនុម័តនៅក្នុងប្រទេសអង់គ្លេស និងសហភាពអឺរ៉ុបនោះទេ។ កាលពីថ្ងៃសុក្ររដ្ឋាភិបាលអង់គ្លេសបាននិយាយថា ខ្លួនបានស្នើសុំជាផ្លូវការនូវនិយតកររបស់ខ្លួនដើម្បីវាយតម្លៃវ៉ាក់សាំងនេះផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK