ក្រុមបាតុករថៃបានប្រើប្រាស់គូប៉ុងមានរូបទាពណ៌លឿងប្រដូចទៅហ្នឹងព្រះមហាក្សត្រខ្លួន ខណៈប៉ូលីសព្រមានថាវាជារឿងខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត
ថៃ៖ អាជ្ញាធរថៃបានបញ្ជាក់ថា ការប្រើប្រាស់គូប៉ុងសម្រាប់ទិញអាហារដែលមានរូបទាពណ៌លឿងរបស់ក្រុមបាតុករនោះគឺជារឿងខុសច្បាប់ ហើយអ្នកដែលបានបំពាន់ច្បាប់មួយនេះអាចប្រឈមនិងការជាប់គុកជាច្រើនឆ្នាំ និងពិន័យជាប្រាក់រាប់សែនបាតផងដែរ។ គួររម្លឹកជូនថា គូប៉ុងចំនួន ៣ ០០០ សន្លឹកមានរូបទាពណ៌លឿងពាក់មកុដនៅលើក្បាល និងពាក់គ្រឿងឥស្សរិយយសជាច្រើននៅលើខ្លួន ដែលគេមើលឃើញថា ជាការប្រដូចទៅហ្នឹងព្រះមហាក្សត្រថៃនោះ ត្រូវបានគេយកទៅចែកជូនក្រុមបាតករថៃដោយឥតគិតថ្លៃក្នុងអំឡុងពេលពួកគេប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម កាលពីល្ងាចថ្ងៃពុធ កន្លងមកនេះ។

គូប៉ុងមួយសន្លឹកមានតម្លៃជាលុយចំនួន ១០ បាត (០.៣៣ ដុល្លារអាមេរិក) ហើយក្រុមបាតុករអាចយកគូប៉ុងនេះ ទៅប្តូរយកភេសជ្ជៈ ឬអាហារផ្សេងៗ ដែលគេបានរៀបចំលក់នៅក្បែរកន្លែងធ្វើបាតុកម្មផងដែរ។ សម្រាប់សកម្មជនថៃ ការចែកជូនគូប៉ុងនេះគឺជាការលើកទឹកចិត្តឲ្យក្រុមបាតុករអាចទទួលបានភេសជ្ជៈ ឬអាហារដោយឥតគិតថ្លៃ បន្ទាប់ពីពួកគេនឿយហត់នឹងការស្រែកតវ៉ា។
យ៉ាងណាក្តីសម្រាប់អាជ្ញាធរថៃបានមើលឃើញថា រូបនៅក្នុងគូប៉ុងមានលក្ខណៈប្រមាថព្រះមហាក្សត្រថៃយ៉ាងខ្លាំង ហើយបើយោងទៅតាមច្បាប់ប្រមាថព្រះជេស្តាព្រះមហាក្សត្រនោះ អ្នកផលិតគូប៉ុងនេះអាចប្រឈមនឹងការជាប់គុកពី ១០-២០ ឆ្នាំ និងពិន័យជាប្រាក់ពី ២០០ ០០០-៤០០ ០០០ បាត (៦ ៥៩៧-១៣ ១៩៤ ដុល្លារអាមេរិក)។ ដោយឡែកអ្នកប្រើប្រាស់គូប៉ុងនេះអាចប្រឈមនឹងការជាប់គុកពី ១-១៥ ឆ្នាំ ឬពិន័យជាប្រាក់ពី ២០ ០០០-៣០០ ០០០ បាត (៦៦០-៩ ៨៩៦ ដុល្លារអាមេរិក) ផងដែរ។ អាជ្ញាធរបានប្រាប់ឲ្យក្រុមបាតុករទាំងអស់ត្រូវបញ្ឈប់សកម្មភាពប្រើប្រាស់គូប៉ុងនេះជាបន្ទាន់ បើមិនដូចនោះទេអាជ្ញាធរនឹងអនុវត្តច្បាប់ចំពោះពួកយ៉ាងតឹងរឹងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Bangkok Post