អាវយឺត «Hand of God» របសកំពូលកីឡាករ Diego Maradona ត្រូវបានដាក់លក់ក្នុងតម្លៃ ២ លានដុល្លារអាមេរិក នៅប្រទេសអង់គ្លេស
អង់គ្លេស៖ អាវយឺតមួយរបស់អតីតកំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Diego Maradona ត្រូវបានដាក់លក់ក្នុងតម្លៃ ២ លានដុល្លារ នៅឯទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។ អាវយឺតមួយនេះត្រូវគេបានគេដាក់ឈ្មោះថា «Hand of God» ដែលវីរបុរសបាល់ទាត់ Diego Maradona បានពាក់ក្នុងអំឡុងការប្រកួតបាល់ទាត់ ដែលលោកបានជួយឲ្យអាហ្សង់ទីនឈ្នះពាន រង្វាន់ពិភពលោក World Cup កាលពីឆ្នាំ១៩៨៦ ដោយកាលនោះម៉ិកស៊ិកគឺជាម្ចាស់ផ្ទះ។

សុំរម្លឹកជូនអំពីប្រវត្តិនៃពាក្យ «Hand of God» ឬជាខេមរៈភាសាមានន័យថា «ដៃព្រះជាម្ចាស់» បន្តិចថា ពាក្យនេះបានកើតឡើងក្រោយពេលបិទបញ្ចប់ព្រឹត្តិការណ៍បាល់ទាត់ World Cup ដែលបានរៀបចំឡើងនៅក្នុងប្រទេសម៉ិកស៊ិកកាលពីឆ្នាំ១៩៨៦ ដោយពេលនោះអាហ្សង់ទីន គឺជាម្ចាស់ជើងឯង ហើយកីឡករ Diego Maradona នេះហើយ ដែលជាកីឡករឆ្នើមមួយរូបក្នុងការជួយឲ្យអាហ្សង់ទីនឈ្នះពានដ៏ធំមួយនេះជាប្រវត្តិសាស្រ្ត។
គេនៅចាំបានថា នៅក្នុងការប្រកួតរវាងអាហ្សង់ទីន និងអង់គ្លេសក្នុងវគ្គ ៨ ក្រុមចុងក្រោយ លោក Diego Maradona រកគ្រាប់បាលបាន ២ គ្រាប់ជួយឲ្យអាហ្សង់ទីឈ្នះអង់គ្លេសក្នុងលទ្ធផល ២-១ ហើយក្នុងនោះគ្រាប់ជ័យជំនះមួយគ្រាប់របស់គាត់ គឺគាត់បានបន្លំយកដៃទះបញ្ចូលទី តែភ្លាមៗនៅក្នុងការប្រកួតអាជ្ញាកណ្តាលមិនបានមើលឃើញឡើយ។ តាមរយៈជ័យជំនះនេះអាហ្សង់ក៏បន្តឡើងទៅវគ្គបន្តបន្ទាប់ និងឈ្នះជើងឯងតែម្តង ហើយក្រោយមកទើបគេបានមើលឃើញពីសកម្មភាពបន្លំយកដៃទះបាល់បញ្ចូលទីរបស់លោក Diego Maradona ហើយពិភពលោកក៏បានហៅវាថា «Hand of God» ឬ «ដៃរបស់ព្រះជាម្ចាស់» តាំងពីពេលនោះមក៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia