ភ្នំភ្លើងដ៏ធំមួយនៅឥណ្ឌូនេស៊ីបានផ្ទុះឡើង ដែលបានបង្ខំឲ្យពលរដ្ឋជិត ៣ពាន់នាក់ ត្រូវជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពជាបន្ទាន់
ឥណ្ឌូនេស៊ី៖ ភ្នំភ្លើងដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌនេស៊ីបានផ្ទុះឡើងកាលពីម្សិលមិញ ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia។ ភ្នំភ្លើងមួយនោះមានឈ្មោះថា Mt Ile Lewotolok ស្ថិតនៅក្នុងខេត្ត Nusa Tenggara ភាគខាងកើតប្រទេសឥណ្ឌូនេស៊ី និងមានចម្ងាយប្រមាណជា ២ ៦០០ គីឡូម៉ែត្រ ពីរដ្ឋធានីចាកាតា។ ការផ្ទុះនេះបានធ្វើឱ្យអាជ្ញាធរត្រូវប្រកាសសញ្ញាអាសន្នកម្រិតខ្ពស់បំផុតទី២ នៅក្នុងមាត្រដ្ឋានអាសន្នទាំង ៤ កម្រិត របស់ឥណ្ឌូនេស៊ី។

ប្រភពខាងលើបានបន្តថា ភ្នំភ្លើងបានបង្កឲ្យមានផ្សែង និងផេះ បាញ់ទៅលើមេឃប្រមាណ ៤ គីឡូម៉ែត្រ ចូលទៅក្នុងបរិយាកាស និងបានធ្វើឲ្យប្រជាពលរដ្ឋឥណ្ឌូនេស៊ីចំនួន ២ ៧៨០ នាក់ រស់នៅក្នុងភូមិចំនួន ២៦ ផ្សេងគ្នា ត្រូវបង្ខំចិត្តជម្លៀសខ្លួនពីផ្ទះសម្បែងជាបន្ទាន់ដើម្បីទៅរកកន្លែងមានសុវត្ថិភាពស្នាក់ជាបណ្ដោះអាសន្នសិន ទម្រាំតែបរិយកាសជុំវិញតំបន់ដែលពួកគាត់រស់នៅអាចត្រឡប់មករកភាពប្រក្រតីវិញ។
បើតាមក្រុមអ្នកជំនាញផ្នែកភ្នំភ្លើងឥណ្ឌូនេស៊ីបានឲ្យដឹងថា បច្ចុប្បន្ននេះឥណ្ឌូនេស៊ីមានភ្នំភ្លើងសកម្មងាយនឹងផ្ទុះចំនួន ១៣០ ដែលជាចំនួនច្រើនជាងប្រទេសណាទាំងអស់នៅលើផែនដីនេះ ហើយក្នុងនោះភាគច្រើនគឺវានឹងមានសកម្មភាពក្នុងរយៈជាច្រើនសប្តាហ៍ ឬច្រើនខែជាមុន ទម្រាំតែភ្នំភ្លើងទាំងនោះផ្ទុះឡើង។ ក្រៅពីភ្នំភ្លើង Mt Ile Lewotolok គឺមានតែភ្នំភ្លើងចំនួន ៣ផ្សេងទៀត ប៉ុណ្ណោះ ដែលអាចផ្ទុះឡើងក្នុងកម្រិតគ្រោះថ្នាក់បែបនេះ ទោះបីជាពេលនេះមិនទាន់មានការរាយការណ៍អំពីការស្លាប់ក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia