ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO បានជំរុញឱ្យមានការកាត់បន្ថយការប្រារព្ធពិធីបុណ្យអំឡុងពេលចុងឆ្នាំ ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

    BY autoadmin December 1, 2020
    WHO បានជំរុញឱ្យមានការកាត់បន្ថយការប្រារព្ធពិធីបុណ្យអំឡុងពេលចុងឆ្នាំ ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

    អង្គការសុខភាពពិភពលោកបានជំរុញឱ្យពិភពលោក ធ្វើការកាត់បន្ថយការប្រារព្ធពិធីបុណ្យនៅក្នុងអំឡុងពេលចុងឆ្នាំនេះ ដើម្បីចៀសវាងការរីករាលដាលនៃជំងឺ COVID-19 ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទ លោក Tedros Adhanom អគ្គនាយកអង្គការសុខភាពពិភពលោក បានជំរុញឱ្យអ្នកដែលមានគម្រោងរៀបចំពិធីណាមួយ មិនគួរមានការរៀបចំ ឬចូលរួមពិធីជប់លៀងធំៗនោះទេ ព្រោះវានឹងធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យនៃការឆ្លងវីរុសនេះ។

    លោក Tedros បាននិយាយថា៖«ការជួបជុំជាមួយក្រុមគ្រួសារ និងមិត្តភក្តិ គឺមិនសាកសមនឹងធ្វើឱ្យពួកគេ ឬខ្លួនអ្នកប្រថុយនោះទេ។ យើងទាំងអស់គ្នាត្រូវពិចារណាថា តើជីវិតរបស់នរណាដែលយើងកំពុងប្រថុយ ជាមួយនឹងការសម្រេចចិត្តដែលយើងបានធ្វើនេះ»។ ការអំពាវនាវនេះបានកើតឡើងនៅពេលបុណ្យណូអែល និងពិធីបុណ្យចុងឆ្នាំដទៃទៀត កាន់តែខិតជិតមកដល់។

    គិតមកត្រឹមថ្ងៃច័ន្ទនេះចំនួនអ្នកឆ្លងជំងឺ COVID-19 ដែលត្រូវបានបញ្ជាក់ជាសកល មានលើសពី ៦២.៩៥ លាននាក់ ខណៈចំនួនអ្នកស្លាប់លើសពី ១.៤៦ លាននាក់។ ជារឿយៗមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកធ្វើដំណើរឆ្ងាយនៅខែធ្នូ ដើម្បីចូលរួមជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេនៅក្នុងពិធីបុណ្យដែលបានគ្រោងទុក។ លោកបាននិយាយថា៖«សំណួរដំបូងដែលត្រូវសួរខ្លួនឯងគឺ តើអ្នកត្រូវការធ្វើដំណើរទេ? តើអ្នកពិតជាត្រូវការធ្វើដំណើរមែនទេ? សម្រាប់មនុស្សជាច្រើន នេះគឺជារដូវកាលសម្រាប់ស្នាក់នៅផ្ទះ និងត្រូវមានសុវត្ថិភាព»៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: