ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលសម្រេចប្រើវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer / BioNTech សម្រាប់ប្រជាជនខ្លួននៅសប្តាហ៍ក្រោយ

    BY autoadmin December 2, 2020
    អង់គ្លេសក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលសម្រេចប្រើវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer / BioNTech សម្រាប់ប្រជាជនខ្លួននៅសប្តាហ៍ក្រោយ

    ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ក្នុងការអនុម័តវ៉ាក់សាំងការពារជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer / BioNTech សម្រាប់ការប្រើប្រាស់ជាទូទៅ។ និយតករអង់គ្លេសហៅកាត់ថា MHRA និយាយថា ថ្នាំដែលផ្តល់ការការពាររហូតដល់ ៩៥% ប្រឆាំងនឹងជំងឺ COVID-19 មានសុវត្ថិភាពសម្រាប់ការចេញលក់នៅសប្តាហ៍ក្រោយនេះ។ ការចាក់ថ្នាំបង្ការរោគអាចចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ សម្រាប់អ្នកដែលត្រូវការវាខ្លាំងបំផុតដូចជា មនុស្សចាស់នៅក្នុងកន្លែងថែទាំជាដើម។ អង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងនេះចំនួន ៤០លានដូស រួចមកហើយ ដែលគ្រប់គ្រាន់ក្នុងការចាក់វ៉ាក់សាំងលើប្រជាជន ២០លាននាក់។

    កម្រិតថ្នាំប្រហែល ១០លានដូស គួរតែមានក្នុងពេលឆាប់ៗនេះ ដោយថ្នាំចំនួន ៨០០,០០០ ឈុតដំបូងនឹងមកដល់អង់គ្លេសក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ វាគឺជាវ៉ាក់សាំងលឿនបំផុតមិនធ្លាប់មាន ចាប់ផ្ដើមពីគំនិតបង្កើតទៅជាការពិត ដោយចំណាយពេលតែ ១០ខែ ប៉ុណ្ណោះ ដែលជំហានអភិវឌ្ឍន៍ដូចគ្នានេះ ជាធម្មតាមានរយៈពេលមួយទសវត្សរ៍។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បានសរសេរលើ Twitter ថា៖«ជំនួយកំពុងធ្វើដំណើរមកហើយ» ហើយបានប្រាប់ BBC Breakfast ថា ប្រជាជននឹងត្រូវបានទាក់ទងដោយ NHS នៅពេលវាដល់វេនរបស់ពួកគេ។

    លោក Sir Simon Stevens នាយកប្រតិបត្តិ NHS បានមានប្រសាសន៍ថា សេវាសុខភាពកំពុងរៀបចំខ្លួនសម្រាប់ «យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសយើង»។ មន្ទីរពេទ្យប្រមាណជា ៥០ កំពុងរង់ចាំអ្នកមកទទួលវ៉ាក់សាំង ហើយមជ្ឈមណ្ឌលចាក់វ៉ាក់សាំងនៅតាមកន្លែងនានា ដូចជាមជ្ឈមណ្ឌលសន្និសីទ កំពុងត្រូវបានរៀបចំការចាក់វ៉ាក់សាំងឡើងនាពេលបច្ចុប្បន្ននេះ។ អ្នកជំនាញនិយាយថា ទោះបីជាការចាក់វ៉ាក់សាំងអាចចាប់ផ្តើមក៏ដោយ មនុស្សនៅតែត្រូវការការប្រុងប្រយ័ត្ន និងអនុវត្តតាមច្បាប់នៃជំងឺឆ្លងដើម្បីបញ្ឈប់ការរាលដាល៕

    អត្ថបទ៖ លីដា
    ប្រភព៖ BBC

    Share This Post: