សកម្មជនហុងកុងលោក Joshua Wong ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១៣ខែ ជុំវិញការញុះញង់ឱ្យមានបាតុកម្មនៅហុងកុងកាលពីឆ្នាំមុន
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង គឺលោក Joshua Wong ត្រូវបានគេផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង ១៣ខែ បន្ទាប់ពីគាត់បានសារភាពកំហុស នៅក្នុងការញុះញង់ និងរៀបចំការតវ៉ាដោយគ្មានការអនុញ្ញាត នៅខាងក្រៅទីស្នាក់ការប៉ូលីសទីក្រុងកាលពីឆ្នាំមុន ក្នុងអំឡុងពេលជាច្រើនខែនៃភាពចលាចលជុំវិញសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជាមួយប្រទេសចិន។

សកម្មជន ២នាក់ ផ្សេងទៀតគឺកញ្ញា Agnes Chow និងលោក Ivan Lam ក៏ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ១០ខែ និង ៧ខែ ផងដែរ ជុំវិញការតវ៉ានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ។ កញ្ញា Agnes Chow ប្រឈមនឹងទោសទាក់ទងនឹងការញុះញង់ និងចូលរួមក្នុងការតវ៉ា ខណៈលោក Ivan Lam ប្រឈមនឹងទោសទាក់ទងនឹងការញុះញង់អ្នកតវ៉ា។
អ្នកទាំង ៣ ដែលជាសមាជិកអតីតសមាជិកនៃគណបក្សនយោបាយ ដែលបានបែកបាក់ Demosisto ត្រូវបានបញ្ជូនទៅឃុំឃាំងតាំងពីថ្ងៃទី២៣ ខែវិច្ឆិកា ហើយត្រូវបានផ្ទេរពីពន្ធនាគារទៅតុលាការ ដើម្បីស្តាប់លទ្ធផលនៃកាត់ទោសរបស់ពួកគេ។ អ្នកគាំទ្ររាប់រយនាក់បានទៅចូលរួមនៅឯតុលាការ West Kowloon Magistrates នៅថ្ងៃពុធនេះ ខណៈមានបាតុករគាំទ្រចិនមួយចំនួនតូច ក៏បានទៅប្រឈមមុខគ្នានៅទីនោះដូចគ្នា៕


អត្ថបទ៖ លីដា
ប្រភព៖ CNN