លោកពូទីន ចេញបញ្ជាឱ្យមានការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំនៅតាមតំបន់ជនបទ ដោយសារបារម្ភពីប្រព័ន្ធវេជ្ជសាស្ត្រនៅទីដាច់ស្រយាល
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានចេញបញ្ជាជាបន្ទាន់មួយ ដើម្បីឱ្យមានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 នៅតាមតំបន់ជនបទមួយចំនួននៃប្រទេស ដោយសារគាត់បារម្ភថា ប្រព័ន្ធវេជ្ជសាស្ត្រកំពុងឈានដល់ការដួលរលំ។ ការប្រកាសនេះគឺស្របពេលដែលប្រទេសរុស្ស៊ី បានកត់ត្រានូវការស្លាប់ដោយសារជំងឺ COVID-19 ចំនួន ៥៨៩ នាក់ ក្នុងមួយថ្ងៃ ខណៈករណីថ្មីជាង ២៥ ០០០ ករណី ត្រូវបានបញ្ជាក់ជារៀងរាល់ថ្ងៃ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មន្ទីរពេទ្យនៅតំបន់ជនបទត្រូវបានបំពេញ រួមទាំងតំបន់ Arkhangelsk នៅភាគពាយព្យ និង Siberia របស់រុស្ស៊ី ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលនៅលើគ្រែដែលដាក់នៅតាមសាលធំៗ។ លោក វ្លាឌីមៀ ពូទីន បានរាយការណ៍នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលតាមអនឡាញថា មន្ទីរពេទ្យថ្មីៗបានបើកនៅតាមតំបន់ជនបទ ហើយបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងដើម្បីពង្រីកប្រព័ន្ធវេជ្ជសាស្ត្រ។
លោកក៏បានបញ្ជាឱ្យមានការចាក់វ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍន៍ក្នុងស្រុក ដែលរដ្ឋាភិបាលបានអនុម័តក្នុងខែសីហា សម្រាប់បុគ្គលិកពេទ្យ និងគ្រូបង្រៀន ដោយចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយសមាជិកសាធារណៈមួយចំនួនត្រូវបានចាក់វ៉ាក់សាំងបង្ការរួចហើយ។ ការប្រកាសចុងក្រោយនេះបានកើតឡើង នៅពេលដែលរដ្ឋាភិបាលអង់គ្លេសបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងដាក់ឱ្យប្រើវ៉ាក់សាំងដែលបង្កើតដោយក្រុមហ៊ុនឱសថអាមេរិក Pfizer ជាផ្លូវការនៅសប្តាហ៍ក្រោយ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK